(ភ្នំពេញ)៖ ថ្លែងប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នឹងមានគណៈប្រតិភូអញ្ជើញមកពីក្រុមហ៊ុនកសិកម្មធំៗ របស់សហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើការសិក្សា និងស្វែងរកឱកាស ក្នុងការវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតសង្ឃឹមថា លោករដ្ឋមន្ត្រី វេង សាខុន នឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យកិច្ចពិភាក្សាការងារនេះទទួលបានជោគជ័យ។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជាលើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងអាណត្តិរបស់លោក។

ការបញ្ជាក់របស់លោក W. Patrick Murphy ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន នៅទីស្តីការក្រសួងកសិកម្ម នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន តាមរយៈគម្រោងអភិវឌ្ឍលើគ្រប់វិស័យ។

ដោយឡែកចំពោះវិស័យកសិកម្ម ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការ USAID អនុវត្តគម្រោងជាអាទិ៍៖

១៖ សាកវប្បកម្ម (២០១៧-២០២២) ទឹកប្រាក់១៧.៥លានដុល្លារ «កសាងសមត្ថភាព ស្វែងរកទីផ្សារកសិផល ការកែលម្អទីផ្សារ និងការកែលម្អអភិបាលកិច្ចល្អ»។

២៖ ការកសាងភាពជាដៃគូរវាង USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ទឹកប្រាក់១លានដុល្លារ «កសាងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស ការចូលរួមរបស់និស្សិត មន្រ្តីរាជការ និងវិស័យឯកជន»។

៣៖ ការពង្រឹងមន្ទីរពិសោធន៍ មជ្ឈមណ្ឌលឧត្តមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ទឹកប្រាក់ចំនួន២៥លានដុល្លារ។

គម្រោងនេះ ត្រូវបានសហការអនុវត្តដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យាល័យ Kansas State University ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ចាម បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណងសម្របសម្រួល ដល់សកម្មភាពកែច្នៃកសិផល ការកសាងសមត្ថភាពសិស្ស លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យ នៅតាមសាកលវិទ្យាល័យជាតិកសិកម្ម។

៤៖ ការចិញ្ចឹមត្រីនៅតាមស្រែ (២០១៦-២០២១) ទឹកប្រាក់ចំនួនជាង៦លានដុល្លារ ដែលត្រូវអនុវត្តក្នុងខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ ក្នុងបំណងកែលម្អប្រព័ន្ធចិញ្ចឹមត្រីនៅតាមស្រែ បង្កើនវិសាលភាព នៃផលិតកម្មត្រីប្រកបដោយនិរន្តរភាព និងគម្រោងមួយចំនួនទៀត ទាក់ទងទៅនឹងការរៀបចំផែនការយុទ្ធសាស្រ្តវិស័យកសិកម្ម ការគ្រប់គ្រង អភិរក្សជលផលនិងវារីវប្បកម្ម ការរៀបចំសេចក្តីព្រាងច្បាប់ការពារដំណាំ និងភូតគាមអនាម័យ។

លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការអនុវត្តគម្រោង បានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ កម្រិតជីវភាព បង្កើនប្រាក់ចំណូល ទទួលបានបច្ចេកវិទ្យាថ្មីៗយកទៅអនុវត្ត ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យ ទាំងស្រុង លើធនធានធម្មជាតិ -ល-។

តាមរយៈលោកឯកអគ្គរដ្ឋទូតលោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើនប្រកប ដោយនិរន្តរភាព ហើយជាពិសេសវិស័យឯកជន របស់សហរដ្ឋអាមេរិក នឹងមកវិនិយោគលើវិស័យកសិកម្ម កាន់តែច្រើនឡើងថែមទៀត នាពេលអនាគត។

ឆ្លៀតយកឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណលោករដ្ឋមន្រ្តី និងសហការី ដែលបានជួយសហការយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍវិស័យកសិកម្ម ក្នុងពេលកន្លងមក ហើយលោកក៏បានគាំទ្រ និងលើកទឹកចិត្តលោករដ្ឋមន្ត្រី នូវរាល់សកម្មភាពយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចជូនប្រទេសជាតិ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រនូវរាល់សកម្មភាពគម្រោងនានា ដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនារសៀលនេះ ភាគីទាំងពីរ ក៏បានលើកយកប្រធានបទ សំខាន់ៗមួយចំនួនទៀត មកពិភាក្សាផងដែរ៖
* ស្ថានភាព និងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក
* សុវត្ថិភាពចំណីអាហារ (អនាម័យ និងភូតភាមអនាម័យ)
* ដីសប្បទានសេដ្ឋកិច្ច
* ការរត់ពន្ធ ឬជួញដូរមនុស្សក្នុងវិស័យកសិកម្ម
* ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម
* ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម
* យន្តការក្នុងការពង្រឹងទំនាក់ទំនងល្អ រវាងវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍៕