(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នគរបាលចរាចរណ៍ ក្នុងការអនុវត្តន៍ផែនការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុប ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ដល់ផ្ទះឲ្យបាន ទោះបីមានផលវិបាកមួយចំនួនដូចជា ការមិនកាត់ឈ្មោះយានយន្ត និងការផ្លាស់ប្តូរទីលំនៅក្តី។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា ដើម្បីអនុត្តន៍បានការងារនេះ ទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស ដល់មន្ត្រីនគរបាលចរាចរណ៍ជាមុនសិន ទើបអាចដំណើរការបាន។ ប៉ុន្តែលោកមិនអាចបញ្ជាក់ អំពីពេលវេលាច្បាស់ នៃការចាប់ផ្តើមអនុវត្តន៍ការផាកពិន័យដល់ផ្ទះ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍នេះនោះទេ។
នាយឧត្តមសេនីយ៍បន្ថែមថា ផលវិបាកចំនួនពីរ ដែលនគរបាលចរាចរណ៍ជួបប្រទះ ចំពោះការអនុវត្តន៍ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុប ដើម្បីផាកពិន័យដល់ផ្ទះ គឺដូចនឹងផលវិបាក ដែលនគរបាលធ្លាប់ជួបប្រទះ ចំពោះការអនុវត្តន៍ការផាកពិន័យ លើកការបើកបរល្មើសល្បឿនកំណត់ផងដែរ គឺបញ្ហាម្ចាស់យានយន្តមិនកាត់ឈ្មោះត្រឹមត្រូវ ធ្វើឲ្យការចេញវិក្កយបត្រពិន័យត្រូវចំពោះម្ចាស់ដើមទៅវិញ និងការផ្លាស់ប្តូរលំនៅដ្ឋានជាដើម ដែលធ្វើឲ្យនគរបាលពិបាករកម្ចាស់យានយន្ត។
នាយកឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងប្តេជ្ញាអនុវត្តន៍ការងារនេះឲ្យបាន ទោះបានលទ្ធផលប៉ុន្មាន យើងយកប៉ុណ្ណឹង ដែលពេលនេះមន្ត្រីរបស់យើងកំពុងតែបណ្តុះបណ្តាលឲ្យបានស្ទាត់ជំនាញសិន ទើបអាចអនុវត្តន៍បាន»។
សូមជម្រាបថា ក្រៅពីផែនការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ផាកពិន័យដល់ផ្ទះហើយនោះគនរបាលក៏បានព្រមានផ្សាយរិះគន់តាម Facebook ចំពោះអ្នកដែលទទួលពិន័យការបើកបរ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតមិនគោរពច្បាប់ផងដែរ ដែលការធ្វើបែបនេះ ដើម្បីពញាក់ស្មារតី ឲ្យអ្នកប្រព្រឹត្តកំហុសនោះ ឲ្យចេះខ្មាសអៀន និងកែទម្លាប់មកចេះគោរពច្បាប់៕