(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ដើម្បីដឹកនាំប្រទេសទទួលបានជោគជ័យ និងធ្វើការងារគ្រប់គ្រង ឬចង់អភិវឌ្ឍន៍អ្វីមួយឲ្យទទួលបានជោគជ័យនោះ គឺត្រូវមានកត្តាចំនួន៣សំខាន់ រួមមាន ការរៀបចំផែនការ, ការចាត់តាំងអនុវត្ត និងកត្ដាចៃដន្យ។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា គ្រាន់តែរៀបចំផែនការល្អ ការងារនោះនឹងសម្រេចបាន៣០ភាគរយ, ការចាត់តាំងអនុវត្តល្អ សម្រេចបាន៣០ភាគរយ និង៤០ភាគរយទៀត ចំណុះលើកត្តាចៃដន្យដែលនឹងលិចឡើង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការរៀបចំផែនការបាន៣០ភាគរយ ការចាត់តាំងអនុវត្តបានល្អ ក៏ទើបនឹងបាន៣០ភាគរយដែរ ដូច្នេះពីរផ្នែកទាំងផ្នែករៀបចំផែនការ និងផ្នែកចាត់តាំងអនុវត្ត ទើបនឹងសម្រេចបាន៦០ភាគរយទេ ចឹងតើនៅសល់៤០ភាគរយទៀត វាចំណុះលើអីទៅ? ៤០ភាគរយទៀត វាចំណុះលើកត្តាចៃដន្យ ដែលនឹងលិចឡើង នោះវាឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់យើងក្នុងការដោះស្រាយបញ្ហា»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានភ្ជាប់ជាមួយការគ្រប់គ្រងប្រទេស ឬគ្រប់គ្រងថ្នាក់ដែនដីមួយ ត្រូវបង្ហាញអំពីសមត្ថភាពរបស់ថ្នាក់ដឹកនាំនោះហើយ កម្រណាស់នូវដាក់ចេញផែនការ ហើយអនុវត្តដោយគ្មានឧបសគ្គ និងគ្មានកត្តាចៃដន្យលិចឡើង ច្បាស់ណាស់គឺពិតជាមាន។ ដូច្នេះហើយទាំងអស់នេះ គឺសុទ្ធតែបញ្ជាក់អំពីសមត្ថភាពរបស់មន្ដ្រី ឬសមត្ថភាពរបស់មេដឹកនាំ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យនិស្សិតទាំងក្នុងពិធីចែកសញ្ញាបត្រនេះ និងនិស្សិតផ្សេងទៀតទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពចំណេះដឹងរបស់ខ្លួនទៅមុខបន្ថែមទៀត ព្រោះសម្ដេចបានអះអាងថា ការសិក្សា និងចំណេះដឹងគ្មានទីបញ្ចប់នោះឡើយ ដូច្នេះទាមទារឲ្យមានការខិតខំប្រឹងប្រែង។
ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដាំមនុស្សមានការលំបាក ហើយប្រើដើមទន់ច្រើនណាស់ មិនងាយស្រួល ដូចការដាំដើមឈើនោះឡើយ ខណៈដែលក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានប្រឹងប្រែងក្នុងការដាំមនុស្សឡើងវិញ។ សម្ដេចបានពន្យល់ថា បើនិយាយអំពីការសិក្សាវិញ តាំងពីថ្នាក់បឋមសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវប្រើប្រាស់ពេល១៨ឆ្នាំឯណោះ ប៉ុន្ដែគ្មានជម្រើសអ្វីក្រៅពីការខិតខំឡើយ៕