(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នាពេលខាងមុខអាចនឹងមានអ្នកបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាទៅឈរឈ្មោះធ្វើជាមេឃុំ ឬចៅសង្កាត់ ដើម្បីពង្រឹងសមត្ថភាពនៃការគ្រប់គ្រង និងចាត់ចែងក្នុងការអភិវឌ្ឍនៅថ្នាក់ឃុំសង្កាត់នោះ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីសមត្ថភាពរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិនាពេលបច្ចុប្បន្ន ភាគច្រើនសុទ្ធតែជាអ្នកបានបញ្ចប់ការសិក្សាខ្ពស់យ៉ាងហោចណាស់ក៏ថ្នាក់ឧត្តមសិក្សាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមន្ត្រីថ្នាក់ខេត្តស្ទើរតែទាំងអស់សុទ្ធតែបញ្ចប់ថ្នាក់ឧត្តមសិក្សា ខណៈមន្ត្រីថ្នាក់ស្រុកស្ទើរតែ១០០ភាគរយ ក៏បានបញ្ចប់ថ្នាក់ឧត្តមសិក្សាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបផងដែរថា ទៅថ្ងៃមុខមិនត្រឹមតែមន្ត្រីថ្នាក់ខេត្ត និងថ្នាក់ស្រុកទេ ដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានោះ។ សូម្បីតែមេឃុំ និងចៅសង្កាត់ ក៏អាចនឹងមានអ្នកបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាទៅឈរឈ្មោះដើម្បីធ្វើជាមេឃុំ និងចៅសង្កាត់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នថវិការបស់ជាតិទម្លាក់ទៅអភិវឌ្ឍនៅតាមឃុំ សង្កាត់មានទំហំកាន់តែច្រើន ដូច្នេះត្រូវការមន្ត្រីដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង។ បើតាមសម្តេចតេជោ ការដាក់មេឃុំ និងចៅសង្កាត់បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានឹងធ្វើឱ្យស្ថានភាពនៃការគ្រប់គ្រងប្រទេសកាន់តែល្អប្រសើរ។
មន្ត្រីរបស់កម្ពុជា បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា មានមេឃុំ និងចៅសង្កាត់សរុប ១,៦៤៦នាក់។ មេឃុំ និងចៅសង្កាត់ភាគច្រើន ជាអ្នកមានវ័យចំណាស់ និងជាអ្នកបានទទួលការសិក្សាពីសង្គមចាស់។
មានការសិក្សាថា ការគ្រប់គ្រង និងការអភិវឌ្ឍនៅថ្នាក់ឃុំ សង្កាត់ នៅមានកម្រិតនៅឡើយដោយសារសមត្ថភាពរបស់មន្ត្រី ក៏ដូចជាកញ្ចប់ថវិកាដែលបានទម្លាក់ទៅថ្នាក់ឃុំ សង្កាត់មានកម្រិតនៅឡើយ។
ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបង្កើនកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍឃុំ សង្កាត់រហូតដល់ទៅជាង ១២ម៉ឺនដុល្លារអាមេរិក។ ការទម្លាក់ថវិកាទៅថ្នាក់ឃុំ សង្កាត់កាន់តែច្រើននេះ ត្រូវបានគេមើលឃើញថា នឹងជួយធ្វើឱ្យឃុំ សង្កាត់ទទួលបានការអភិវឌ្ឍល្អប្រសើរជាងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ការដាក់មន្ត្រីវ័យក្មេង និងមានកម្រិតសិក្សាកាន់តែខ្ពស់ ក៏នឹងរួមចំណែកធ្វើឱ្យការអភិវឌ្ឍនៅតាមឃុំ សង្កាត់ បានកាន់តែប្រសើរផងដែរ៕