(ភ្នំពេញ)៖ មន្រ្ដីរាជរដ្ឋាភិបាលទទួលបន្ទុក ផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវថែរក្សាតម្លៃស្រូវរបស់ប្រជាកសិករ បានអះអាងថា ការទម្លាក់ទុនជាបន្ដបន្ទាប់ សម្រាប់ថែរក្សាតម្លៃស្រូវកសិករ មិនមែនជាគោលនយោបាយឧបត្ថម្ភធន របស់រាជរដ្ឋាភិបាលនោះឡើយ គឺជាយន្តការទីផ្សារសេរីសុទ្ធសាធ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្តីពី «វិធានការរក្សាតម្លៃឱ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា នៅប្រទេសកម្ពុជា ខុសពីប្រទេសជិតខាង ក្នុងការថែរក្សាតម្លៃស្រូវរបស់កសិករ ដែលគេបានប្រើប្រាស់គោលនយោបាយឧបត្ថម្ភធន មានន័យថារដ្ឋជួយចេញខាត សម្រាប់ការទិញស្រូវពីកសិករ ប៉ុន្ដែសម្រាប់កម្ពុជាមិនបានប្រើប្រាស់យន្តការនេះឡើយ គឺជាការប្រើប្រាស់យន្តការទីផ្សារ បានសេចក្ដីថា រដ្ឋទម្លាក់ថវិកាឲ្យវិស័យឯកជន ប្រមូលទិញស្រូវពីកសិករ ហើយកិនដើម្បីនាំចេញ បានថវិកាមកវិញសងត្រឡប់មករដ្ឋ។
លោកថ្លែងបញ្ជាក់ថា «យន្ដការថែរក្សាតម្លៃស្រូវនៅកម្ពុជា បច្ចុប្បន្ននេះប្រទេសមួយចំនួនគិតថា ជាការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងក៏សូមទាញការចាប់អារម្មណ៍ថា យន្ដការធ្វើឲ្យមានស្ថិរភាពថ្លៃស្រូវ មិនមែនជាយន្ដការឧបត្ថម្ភធនទេ សម្រាប់កម្ពុជាខុសពីប្រទេសជិតខាងរបស់យើង ដែលគេធ្វើកិច្ចការឧបត្ថមធន ដើម្បីរក្សាថ្លៃស្រូវ។ កម្ពុជាមិនបានជ្រើសរើសយកយន្ដការឧបត្ថម្ភធន ដើម្បីថែរក្សាថ្លៃនោះទេ គឺប្រើប្រាស់យន្ដការទីផ្សារសុទ្ធសាធ តាមរយៈការផ្ដល់ឥណទាន ដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ ឬអ្នកទិញស្រូវ ទិញក្នុងតម្លៃទីផ្សារ ចំណេញឬខាត គឺជារបស់រោងម៉ាស៊ីនកិនស្រូវ មិនមែនរដ្ឋាភិបាលជួយខាតនោះទេ»។
លោកបានបញ្ជាក់ថា យន្ដការថែរក្សាតម្លៃស្រូវរបស់កសិករ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ បន្ទាប់ពីមានហេតុការណ៍ ដែលកសិករមួយចំនួនតូច បានចាក់ស្រូវចោលលើថ្នល់នៅខេត្តបាត់ដំបង តវ៉ារឿងការធ្លាក់ចុះនៃតម្លៃស្រូវ ដែលការចាក់ស្រូវចោលនេះ មានការអុចអាលពីជនខិលខូចមួយចំនួន។
លោកបានបញ្ជាក់ទៀតថា ដោយសារតែមើលឃើញពីផលវិបាកក្នុងវិស័យស្រូវអង្ករ ពាក់ព័ន្ធការធ្លាក់ចុះតម្លៃនេះ ទើបរាជរដ្ឋាភិបាល បានទម្លាក់ទុនជាបន្ដបន្ទាប់ ដើម្បីផ្តល់ឥណទានប្រមូលទិញស្រូវ និងអភិវឌ្ឍន៍ឃ្លាំងស្ដុកស្រូវ និងឡសម្ងួតស្រូវនៅតំបន់មួយចំនួន ដូចជា៖ ខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ និងមានផែនការពង្រីកបន្ថែមនៅខេត្តមួយចំនួនទៀត។
ការសាងសង់ឃ្លាំងស្តុក និងឡសំងួននេះត្រូវបានអនុវត្តតាមរយៈកម្មវិធី BOP ដែលមានន័យថា កសាង, ធ្វើប្រតិបត្តិការ, និងទូទាត់សងត្រឡប់មករដ្ឋវិញ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីគុណសម្បត្តិនៃការអនុវត្តន៍យន្ដការទីផ្សារ សម្រាប់វិស័យស្រូវអង្កររបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា យន្ដការនេះគឺសមស្របនឹងស្ថានភាពទីផ្សារសាកល។
លោកបានបញ្ជាក់ថា អង្កររបស់កម្ពុជាបានរួមចំណែកនាំចេញទៅកាន់ពិភពលោក មានត្រឹមតែ ១.២ភាគរយប៉ុណ្ណោះ ដូច្នេះក្នុងបរិបទទីផ្សារសេរី កម្ពុជា ដែលមានចំណែកតិចតួចបែបនេះ មិនអាចទប់ស្កាត់មិនឲ្យមានការធ្លាក់ចុះតម្លៃអង្ករ នៅលើទីផ្សារពិភពលោកបានទេ ដែលហេតុនេះប្រសិនបើរាជរដ្ឋាភិបាល ប្រើប្រាស់យន្ដការឧបត្ថម្ភធន គឺនឹងបរាជ័យ។
លោកបានយ៉ាងដូច្នេះថា «អង្កររបស់កម្ពុជាយើង នាំចេញទៅកាន់ពិភពលោក មានតែ១.២ភាគរយប៉ុណ្ណោះ មិនអាចបង្វិលពិភពលោកឲ្យដើរតាមយើងបានទេ ក្នុងទីផ្សារសេរីយើងមិនមានលទ្ធភាពទេ ត្បិតតែរដ្ឋចង់ធ្វើក៏ដោយក៏បរាជ័យដែរ ខ្ញុំជឿថាបែបនេះ។ តែ១.២ភាគរយតើយើងអាចរក្សាតម្លៃទីផ្សារ ពិភពលោកមិនឲ្យចុះបានទេ យើងមិនអាចនោះទេ ទោះបីជាយើងចង់ក៏បរាជ័យដែរ លើការឧបត្ថម្ភធននេះ»។
លោក សុង សារ៉ន ក៏បានបញ្ជាក់ថា ដើម្បីថែរក្សាតម្លៃរបស់ប្រជាកសិករ កុំឲ្យមានការចុះថ្លៃមានយន្ដការមួយចំនួន គឺកសិករត្រូវតែដាំដុះអង្ករ ដែលមានតម្រូវការទីផ្សារ ពិសេសអង្ករក្រអូបដែលអង្ករក្រអូបដែលមានពូជ និងបច្ចេកទេសត្រឹមត្រូវ។ កសិករត្រូវតែរួបរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ដើម្បីមានលទ្ធភាពទទួលបាននូវបច្ចេកទេស និងព័ត៌មានទីផ្សារត្រឹមត្រូវ។
ចំពោះតម្លៃស្រូវរបស់កសិករនៅពេលបច្ចុប្បន្ននេះ មន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជនបានអះអាងដូចគ្នាថា មានតម្លៃសមរម្យអាចទទួលយកបាន ដែលជួយឲ្យប្រជាកសិករទទួលផលចំណេញ៕