(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែសម្រួលតំបន់ក្តាន់២ ឲ្យទៅជារង្វង់មូលវិញ ដើម្បីសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ភាគីពាក់ព័ន្ធបានឯកភាព កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់២ឡើងវិញ តាមរយៈការធ្វើជារង្វង់មូល តម្លើងភ្លើងស្តុបឲ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង ៣ម៉ែត្រកន្លះ បន្ថែមទៀតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍ឲ្យ កាន់តែមានប្រសិទ្ធភាព។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងកែសម្រួលលំហូរចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះកំពុង ប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា បានបង្ហាញថា ក្នុងមួយថ្ងៃៗ មានយានយន្តប្រមាណជាង ៥ម៉ឺន ៣ពាន់គ្រឿង បានឆ្លងកាត់នៅលើផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង ៥ម៉ឺនគ្រឿងទៀត បានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។
លោកអភិបាលរាជធានី បានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែលម្អចរាចរណ៍នៅតំបន់នេះដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយតិច ហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីបានឡើយ។
លោកបានពន្យល់អំពីមូលហេតុមួយចំនួន ដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះ មានការកកស្ទះជាប្រចាំនោះ «ចរាចរណ៍បានចេញច្រើនពីតំបន់បឹងកក់មកសហព័ន្ធរុស្សុី ដោយសារតែបិទផ្លូវរណប ម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុប មិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ស្ទះខ្លំាងហៀរទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់»។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធចរាចរណ៍ឡើងវិញ នៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង ៤០ភាគរយ ខណៈដែលគម្រោងនេះគ្រោងចំណាយថវិការហូតដល់ ជាង ១៩០០លានរៀល៕