(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសយ៉ាងដាច់ណាត់ថា មិនឲ្យមានហ្គេមអនឡាញ នៅប្រទេសកម្ពុជាទៀតនោះឡើយ បើមិនដូច្នោះប្រទេសកម្ពុជា នឹងក្លាយជាកន្លែងលាងលុយកខ្វក់ និងជង្រុកពួកម៉ាហ្វីយ៉ា ដែលកើតចេញពីហ្គេមអនឡាញនេះតែម្ដង ហើយស្វាគមន៍អ្នកជំនួយពិតប្រាកដ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ហ្គេមអនឡាញនឹងបញ្ចប់វត្តមាននៅកម្ពុជាទាំងស្រុង ក្រោយដល់ពេលកំណត់នៃការពន្យាសុពលភាពធ្វើអាជីវកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ប្រទេសណាបង្កើតមានឲ្យមានហ្គេមអនឡាញ ក៏បង្កើតចុះ ប៉ុន្ដែកម្ពុជាមិនបង្កើតឲ្យមានជាដាច់ខាត។
ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៨ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការងឿងឆ្ងល់ ចំពោះអ្នកដែលព្រួយបារម្ភ ក្រោយកម្ពុជាបិទហ្គេមអនឡាញ ថាអាជីវកម្មមានការធ្លាក់ចុះ បន្ទាប់ពីជនជាតិចិនចាកចេញពីប្រទេសកម្ពុជា ដែលចំណុចនេះសម្ដេចបានចោទសួរថា «តើអ្នកចង់បានអ្វីឲ្យពិតប្រាកដ?» ព្រោះនៅពេលចិនចូលមក ថាចូលមកច្រើន ដល់ពេលចេញទៅវិញ ថាចេញទៅវិញច្រើន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មនុស្សមួយចំនួនព្រួយបារម្ភអំពីបញ្ហាបាត់អនឡាញ (ហ្គេមអនឡាញ) នៅពេលដែលមានអនឡាញ នាំគ្នាព្រួយបារម្ភអំពីវត្តមានជនជាតិចិននៅកម្ពុជា នៅពេលដែលយើងបិទអនឡាញគេព្រួយបារម្ភអំពីការបាត់ជនជាតិចិនពីកម្ពុជា តើអ្នកចង់បានអ្វីពិតប្រាកដ? សម្រាប់ខ្ញុំ ខ្ញុំសង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់តែលើអនឡាញ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួន យើងស្ថិតនៅក្រោមការគំរាមកំហែង នៃក្រុមម៉ាហ្វីយ៉ាដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើង ដើម្បីធ្វើសកម្មភាព យើងក៏ថិតនៅក្នុងស្ថានភាព ដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅ នៃការលាងលុយកខ្វក់ តាមរយៈអនឡាញ។
យើងនឹងបាត់បង់នូវសុវត្ថិភាពអ្នកជំនួញធំៗ អ្នករកស៉ីធំៗដែលជាអ្នកមានប្រាក់មិនហ៊ានចូលមកកម្ពុជា ដោយសារខ្លាចពួកក្រុមម៉ាហ្យា ដូច្នេះអ្វីក៏ដោយត្រូវមានការបង់ថ្លៃ យើងសុខចិត្តមិនមានអនឡាញ ក៏ប៉ុន្ដែយើងច្បាស់ជានាំមកនូវប្រទេសរបស់យើងប្រកបដោយមានសន្ដិសុខ ហើយយើងនាំមកនូវដោយអ្នកវិនិយោគសុច្ចរិត និងអ្នកវិនិយោគដែលមានប្រាក់កាសមករស់នៅកម្ពុជា។
ផ្ទុយទៅវិញ បើសិនជាវត្តមានអនឡាញបន្ដ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះ ហើយរងគ្រោះមុនគេគឺសន្ដិសុខរបស់យើងតែម្ដង បន្ទាប់ទៅគឺ នឹងក្លាយជាគោលដៅនៃការលាងលុយកខ្វក់ ដែលនៅលើពិភពលោក កំពុងតែប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ព្រមទាំងភេរវកម្មហិរញ្ញប្បទាន សម្រាប់ភេរវកម្មដែលជាចំណុចគ្រោះថ្នាក់។ ដូច្នេះនៅសល់តែប៉ុន្មានថ្ងៃទៀត នឹងបាត់បង់ពីកម្ពុជាទាំងស្រុងហើយ»។
ដោយឡែក បញ្ហាមួយទៀតពាក់ព័ន្ធការធ្លាក់ចុះនៃវិស័យសំណង់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យសំណង់នៅប្រទេសកម្ពុជា មិនមែនបម្រើឲ្យតែហ្គេមអនឡាញនោះទេ ប្រសិនបើគេឈប់ជួលផ្ទះ ឬអគារគួរតែយកទីតាំងនោះ ទៅប្រកបអាជីវកម្មផ្សេង ព្រោះអ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ។
អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់នោះ គឺការបិទអាជីវកម្មហ្គេមអនឡាញ ដើម្បីកុំឲ្យកម្ពុជាក្លាយជាជម្រករបស់ពួកឧក្រិដ្ឋជនបរទេស ដែលធ្វើសកម្មភាពបោកប្រាស់ ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។
គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។
នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចដូចខាងក្រោម៖
១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប ង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕