(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រសិទ្ធនាមថាជាបិតាសន្តិភាព និងជាបុរសខ្លាំងនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ៗថា ការរក្សាសន្ដិភាព និងស្ថិរភាពនយោបាយ គឺមានសារៈសំខាន់ជាងគេបំផុត មុននឹងត្រូវនិយាយដល់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍ។
ថ្លែងនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត, សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការងឿងឆ្ងល់ជាខ្លាំង ចំពោះអ្នកមិនយល់ស្រប និងចំពោះអ្នកមិនឲ្យតម្លៃលើសន្ដិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «វាមិនមែនគ្រាន់តែជាកិច្ចការនៃអ្នកខេត្តកំពតប៉ុណ្ណោះទេ ក៏ប៉ុន្តែជារឿងរួមរបស់ប្រទេសជាតិរបស់យើង នោះត្រូវរក្សាឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពខាងនយោបាយ។ ចំណុចនេះមានសារៈសំខាន់ជាទីបំផុត ហើយមុនអ្វីៗទាំងអស់ មុននិយាយដល់ប្រជាធិបតេយ្យ មុននិយាយដល់សិទ្ធិមនុស្ស មុននិយាយដល់ការអភិវឌ្ឍ ត្រូវនិយាយពីសន្តិភាពជាមុនសិន»។
សម្តេចមានប្រសាសន៍បន្តថា «យើងមិនយល់ស្របជាមួយអ្នកណាក៏ដោយ ដែលមើលស្រាលចំពោះតម្លៃនៃសន្តិភាព ព្រោះប្រទេសរបស់យើងបានឆ្លងកាត់នូវការលំបាក សោកនាដកម្មរាប់មិនអស់ប្រជាជនស្លាប់។ យើងមិនអាចទទួលយកបានការប្រមាថណាមួយមកយើង នូវអ្វីដែលយើងធ្វើដើម្បីសន្តិភាពរបស់យើង ប៉ុន្តែត្រូវទទួលការប្រមាថពីមជ្ឈដ្ឋានខ្លះ ដែលយើងមិនយល់ព្រម ព្រោះរឿងនេះវាបានចង្អុលបង្ហាញសម្រាប់កម្ពុជាពីអតីតកាល សង្គ្រាមពី១៩៧០ ដល់១៩៧៥ ហើយបន្តរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
បិតាសន្តិភាពនៃកម្ពុជា បានរំលឹកថា បើកុំតែមានសង្គ្រាមក្នុងឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៥ និង១៩៧៩ដែរ។ បន្ទាប់ពីរបបប្រល័យពូជសាសន៍ សង្គ្រាមត្រូវបានបន្តអូសបន្លាយ រហូតមកដល់ឆ្នាំ១៩៩៨ ទើបត្រូវបានបញ្ចប់។ សម្ដេចតេជោ បានថ្លែងថា ចំណងដែលអ្នកជំនាន់មុនចង ត្រូវបានដោះស្រាយ ដោយអ្នកជំនាន់ក្រោយទៅវិញ។
«សង្គ្រាមដែលអ្នកជំនាន់មុនបានបង្កើតឡើង ត្រូវបានដោះស្រាយដោយក្មេងជំនាន់ក្រោយ នោះហើយគឺជាសោកនាដកម្ម ដែលយើងដកពិសោធន៍ថា ត្រូវធ្វើឲ្យប្រទេសយើងមានវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាពលើទឹកដីដ៏កម្សត់របស់យើង»។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់។
លើសពីនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យបញ្ចាំងឲ្យបានច្រើននូវអ្វីដែលកើតឡើងសោកដកម្ម នៅប្រទេសអ៉ីរ៉ាក់ ស៉ីរី និងលីប៊ី ដើម្បីឲ្យប្រជាពលរដ្ឋកកម្ពុជាបានដឹង ពីផលអាក្រក់នៃសង្គ្រាម។ ទន្ទឹមនឹងនេះសម្ដេចតេជោទទួលស្គាល់ថា ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏រក្សានូវការសន្ដិភាពនេះដែរ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ទន្ទឹមនឹងរក្សាតម្លៃសន្ដិភាព ត្រូវឲ្យតម្លៃការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សដូចគ្នាដែរ ហើយប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ថា បើគ្មានព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ កម្ពុជាក៏រីកចម្រើនជឿនលឿនដូចគេដែរ។ បុរសខ្លាំងនៃកម្ពុជា បានអះអាងទៀតថា ដោយសារបាត់បង់មនុស្សរាប់លាននាក់កន្លងមកហើយ ទើបកម្ពុជាឲ្យតម្លៃសន្ដិភាព ដូចពេលបច្ចុប្បន្ននេះ៕