(ញូដេលី)៖ អគារស្នាក់នៅមួយខ្នងក្នុងរដ្ឋធានីញូដេលីប្រទេសឥណ្ឌា បានឆាបឆេះនៅម៉ោង ១២៖៣០នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទនេះតែម្តង (ម៉ោងនៅញូដេលី) ដោយបានផ្តាច់ជីវិតមនុស្ស០៩នាក់ ក្នុងនោះមានស្ត្រី០៤នាក់ និងកុមារ០៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
អគារស្នាក់នៅខាងលើនេះមានកម្ពស់ ០៤ជាន់ ស្ថិតនៅក្នុងសង្កាត់ គីរ៉ារី (Kirari) ភាគពាយ័ព្យរដ្ឋធានីញូដេលី។ កងកម្លាំងពន្លត់អគ្គីភ័យបានព្យាយាម ទៅដល់កន្លែងកើតហេតុ និងធ្វើការពន្លត់ភ្លើងបានសម្រេចនៅយប់ថ្ងៃដដែល។ បើតាមមន្ត្រីក្នុងទីក្រុងញូដេលី មនុស្សចំនួន០២នាក់បានរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមូលហេតុនៃការឆាបឆេះអគារខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ឡើយ៕