(ត្បូងឃ្មុំ)៖ ក្នុងពិធីសម្ពោធ «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដល់អភិបាលខេត្តត្បូងឃ្មុំ ត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យផ្សារនេះដួលរលំ បើមិនដូច្នោះទេតំណែងអភិបាលខេត្តនេះ ក៏ត្រូវអស់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ឱ្យផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ជាផ្សារស្អាត និងមានសណ្តាប់ធ្នាប់ ហើយត្រូវត្រួតពិនិត្យជាប្រចាំ ប៉ុន្តែមិនត្រូវឱ្យមានការរំខានប្រជាពលរដ្ឋដែលលក់ដូរទេ។ សម្តេចថ្លែងថា បើមានការរំខាន ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងខ្លួនឯង នោះហើយជារឿងគ្រប់គ្រងមិនបាន។ បើគ្រប់គ្រងមិនបានពួកឧក្រិដ្ឋជនធ្វើចរាចរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ។ សម្តេចបានស្នើឱ្យធ្វើការងារនេះឱ្យបានម៉ត់ចត់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ផ្សារនេះហៅថាផ្សារគម្រូ បើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើងត្រឹមនឹងបង្កើតឡើងវានឹងគ្មានវឌ្ឍនភាពទេ អញ្ចឹងអភិបាលខេត្តនៅកន្លែងនេះត្រូវមើលឱ្យច្បាស់កន្លែងហ្នឹង បើផ្សារហ្នឹងបរាជ័យ លោកឯងក៏មិនអាចនៅធ្វើចៅហ្វាយខេត្តបានដែរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចរួចហើយ ដូច្នេះការគ្រប់គ្រងផ្សារនេះ ត្រូវធ្វើឡើងដោយអាជ្ញាធរខេត្ត ដោយមិនចាំបាច់ទៅដល់ក្រសួងពាណិជ្ជកម្មនោះទេ។
សូមបញ្ជាក់ថា ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ ពិធីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម។
«ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើក ក្នុងអំឡុងឆ្នាំ១៩៧១។
«ផ្សារគំរូព្រំដែនកម្ពុជា» ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ៕