(ភ្នំពេញ)៖ សំណង់ផ្សេងៗនៅក្នុងកម្ពុជា ក្នុងឆ្នាំ២០១៩នេះ បានហក់ឡើងខ្ពស់ជិតទ្វេដង បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅនេះ។ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ទិន្នន័យសំណង់ ទូទាំងប្រទេសមានចំនួន ៤,៤៤៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៩ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៧៨,៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
របាយការណ៍បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសចំនួន ៤,៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨,៥៤០,៨៧៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៩,៣៥៣,៦៩៧,៤៧៥ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានចំនួន ២,៨៦៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារ។
របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣២គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន២០៣អគារ) ក្នុងនោះពី៥ជាន់ទៅ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ៥៧អគារ ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន២៣អគារ ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។
ដោយឡែក សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន ៣,៧៣២ គម្រោងមានផ្ទៃក្រឡា កម្រាលសំណង់ចំនួន ៨,០២៤,២៨៦ម៉ែត្រការ៉េ មានទុនវិនិយោគ ៣,៦៦១,២៧៥,៣៥០ដុល្លារ ស្មើនឹង ៣៨,៤៨៨ខ្នង។ ចំណែកឯកជន/ល្វែងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅទូទាំងប្រទេស ចំនួន៤០គម្រោង ស្មើនឹង ១៦,៥៨៩ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ២,៤៩៦,៣៥៨ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៨២១,៣០៦,៦៧៦ដុល្លារ។
អគារផ្ទះល្វែង និងភូមិគ្រឹះនៅទូទាំងប្រទេសមាន ២០,៧៨១ ល្វែង/ខ្នង មានផ្ទៃក្រឡា កម្រាលសំណង់ ៣,៤៩៩,២០៤ម៉ែត្រការ៉េ ដែលមានតម្លៃ ប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,២៦៩,៦៥៣,១៨៨ដុល្លារ។ អគារស្នាក់នៅរួមមាន១៥២ គម្រោង ស្មើនឹង១៧,៧០៧ ចំណែកឯកជន មានផ្ទៃក្រឡាកម្រាលសំណង់ ៣,២០៣,០០១ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ១,៩០៧,២៦៩,៥៧៨ដុល្លារ។
ដោយឡែក សំណង់សណ្ឋាគារ នៅទូទាំងប្រទេសមាន ចំនួន៦៦គម្រោង ស្មើនឹង ៩៧៧,៨៦៧ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៨៦,៣៩១,៦៧៦ដុល្លារ សំណង់អគារ ពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន ៣១២គម្រោង ស្មើនឹង ៥ ៩២៨ ៩៨៥ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,៥១៨,០៥៣,០៤៣ដុល្លារ។
សម្រាប់សំណង់អគាររោងចក្រនៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៩នេះ មានចំនួន១២១គម្រោង មានផ្ទៃក្រឡា កម្រាលសំណង់ ២,៦៨៥,២៩៣ម៉េត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១៤១,៧៧៩,៦៩១ដុល្លារ។ សំណង់ អគារពហុមុខងារនៅទូទាំងប្រទេសមាន ចំនួន ៩៤គម្រោង ស្មើនឹង ៥,០៨១,៤៣២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,០៤៨,៦៦៤,៦២៦ដុល្លារ។
របាយការណ៍បានបន្តថា៖ គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៤៨,០០៤គម្រោងផ្ទៃក្រឡា កម្រាលសំណង់សរុប ចំនួន ១៣១,៩៤៣,៥៣៥ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៥១,០៣៥,១២៤,៤៥១ ដុល្លារ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងនៅទូទាំងប្រទេសមានចំនួន ១,៦២៤អគារ (ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ ទៅ៩ជាន់ មានចំនួន៨៧២អគារ អគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៤៦១អគារ អគារចាប់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន១៥៦អគារ អគារចាប់ពី៣០ជាន់ទៅ ៣៩ជាន់ មានចំនួន៩៥អគារ អគារចាប់ពី៤០ជាន់ ឡើងមានចំនួន៤០អគារ។ ដោយឡែកនៅខេត្តព្រះសីហនុ មានអគារចាប់ ពី៥ជាន់ ទៅចំនួន២៣៨អគារ គម្រោងបុរី លំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី មានចំនួន ២៩៨គម្រោង និងលំនៅឋាន មានលក្ខណៈជាអគារសហកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មានចំនួន ២២,២៦៩ ចំណែកឯកជន៕