(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ ដែលជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានសរសេរថា វិញ្ញាសារចាប់ផ្តើមពិចារណាដក ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) គឺជាមធ្យោបាយបំប៉នកម្លាំងសេះសម្រាប់ផ្លូវឆ្ងាយរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ លោកបានអះះអាងថា អ្នកដែលមានគំនិតអាក្រក់ចង់ឱ្យ EBA បាត់បង់ជាងគេនោះ លោក សម រង្ស៉ី ទៅវិញទេ។
លោក គង់ គាំ បានសរសេរនៅលើ Facebook របស់លោក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «កម្ពុជាចាត់ទុកវិញ្ញាសារចាប់ផ្តើមពិចារណាដក EBA នៅពេលនេះ ជាមធ្យោបាយបំប៉នកម្លាំងសេះសម្រាប់ផ្លូវឆ្ងាយរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា និងបានជួយកម្ពុជាឱ្យបានស្គាល់ចេតនាល្អ និងអាក្រក់របស់ក្រុមផ្តាច់ EBA»។
សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចិត្តមួយនៅខែកុម្ភៈឆ្នាំ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជាជាបណ្តោះអាសន្ន ឬ យ៉ាងណា។ សេចក្តីសម្រេចចិត្តនេះ គឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើននៅក្នុងចំណោមសមាជិកទាំង ២៧ នៃគណៈកម្មការអឺរ៉ុប។
គណៈកម្មការអឺរ៉ុបសម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះទេ នោះនីតិវិធីត្រូវបិទបញ្ចប់ត្រឹមនេះ។ ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន សេចក្តីសម្រេចនេះក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗនោះដែរ ពីព្រោះថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបធ្វើឡើងតាមនីតិវិធីប្រតិភូកម្មអំណាច គឺអាចចូលជាធរមានបាន លុះត្រាតែគ្មានការជំទាស់ពីសំណាក់សភា ឬក្រុមប្រឹក្សាអឺរ៉ុប។
ប៉ុន្តែ ប្រសិនបើសភាអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ ឬមិនអាចរកសំឡេងភាគច្រើនដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានទេ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវចូលជាធរមាន៦ខែ រាប់ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុបអនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍ជូនគណៈកម្មការអឺរ៉ុប ស្តីពីវឌ្ឍនភាពមួយចំនួនឆ្លើយតបនឹងតម្រូវការរបស់អឺរ៉ុប ជាមួយនឹងការបង្ហាញក្តីសង្ឃឹមថា អឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA»។
សម្រាប់លោក គង់ គាំ, រឿង EBA នេះគឺអ្នកដែលចង់ឱ្យបាត់បង់បំផុត មានតែ លោក សម រង្ស៉ី តែប៉ុណ្ណោះ។ លោកអះអាងថា ពេលនេះប្រជាពលរដ្ឋ កម្មករ អ្នកធុរកិច្ចជាតិ និងអន្តរជាតិ បានថ្កោលទោសទណ្ឌិត សម រង្ស៉ី ហើយត្រៀមពុំពារគ្រប់ឧបសគ្គជាមួយរាជរដ្ឋាភិបាលកម្ពុជា បើសិនជា EBA ត្រូវបាត់បង់។
លោកបញ្ជាក់ដូច្នេះថា៖ «ប្រជាពលរដ្ឋកម្ពុជា ពិសេសកម្មករ រួមទាំងធុរជនជាតិ និងអន្តរជាតិ ដែលទុកកម្ពុជា ជាឆ្នាំងបាយរបស់ខ្លួន រួមទាំងអតីតអ្នកនយោបាយរបស់ CNRP ផង មិនត្រឹមតែថ្កោលទោស និងបើកមុខមាត់អាក្រក់របស់ក្រុមសម រង្ស៉ី ដែលមានគំនិតអាត្មានិយមចង់ឱ្យ EBA បាត់បង់ ដើម្បីផលប្រយោជន៍ដល់ក្រុមខ្លួនមួយក្តាប់នោះទេ ប៉ុន្តែពួកគេ (ទាំងមាន ឬគ្មាន EBA) បានប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ពុះពារដូចបណ្តាប្រទេសដែលគ្មាន EBA អាចរស់ និងរីកចម្រើនបាន»។
អតីតប្រធានគណបក្សសម រង្ស៉ី រូបនេះ បានបន្តទៀតថា ជាក់ស្តែងណាស់ មុនឆ្នាំ២០២២ និងឆ្នាំ២០២៣ ទាំងអន្តរជាតិ ទាំងតំណាង EU ទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទាំងអង្គទូតបណ្តាប្រទេសប្រចាំកម្ពុជា បានបន្តទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជាចេញពីការបោះឆ្នោត ២០១៨នោះ ដោយជ្រោមជ្រែងកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបឆ្ពោះទៅអនាគតមិនងាកក្រោយឡើយ៕