(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីក្បាលដី ៧លានក្បាលដី ជូនដល់ប្រជាពលរដ្ឋឱ្យអស់ ខណៈនៅឆ្នាំ២០១៩នេះ ក្រុមការងារបានចុះបញ្ជីក្បាលដី បាន ៨០.២២ភាគរយ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងមានភាពសុខុដុមនៃសង្គម។
ការប្រកាសបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបិទសន្និបាតនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដើម្បីបូកសរុបលទ្ធផលការងាររបស់ខ្លួន នៅក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ៣៣០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឱ្យទាំងអស់គ្នា ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពុះពារនៅក្នុងការចុះបញ្ជីដីធ្លី ដែលសព្វថ្ងៃនេះយើងធ្វើការបូកសរុបបាន៨០.២២ភាគរយ នៃការចុះបញ្ជីដីធ្លីនេះ គោលដៅដ៏ចម្បងនេះយើងត្រូវជំរុញ៩៤ភាគរយ នៅឆ្នាំ២០២០ ហើយត្រូវចប់នៅខែធ្នូ ពេលសន្និបាតឆ្នាំ២០២១ គឺត្រូវបញ្ចប់ការចុះបញ្ជីក្បាលដីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលប៉ាន់ស្មានមានជាង៧លានក្បាលដី»។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ការចុះបញ្ជីក្បាលជូនប្រជាពលរដ្ឋឱ្យអស់នៅឆ្នាំ២០២១ ខាងមុខនេះ គឺជាការងារដ៏សំខាន់បំផុត ដើម្បីឱ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានបណ្ណសម្គាល់អចលវត្ថុជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រមទាំងធ្វើឱ្យមានស្ថិរភាព ហើយបណ្ណនេះក្លាយទៅជាទុន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋ មាន៥ដំណាក់កាលកន្លងផុតទៅហើយ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងថា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណកម្មសិទ្ធិ ទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋបាន ៥ដំណាក់កាល ដូច្នេះការផ្តល់បណ្ណកម្មសិទ្ធិទាំង៥ដំណាក់កាល បានក្លាយជាទុនដែលរដ្ឋបានផ្តល់ជូនដល់ប្រជាពលរដ្ឋទាំងអស់។ ការផ្តល់ជូនបណ្ណកម្មសិទ្ធិលើដីធ្លីនេះហើយ បាននាំមកនូវសក្តានុពលលើផ្នែកសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ និងអាចស្វែងរកដៃគូរអភិវឌ្ឍនានា មកធ្វើការអភិវឌ្ឍទៅលើដីធ្លីរបស់ពួកគាត់ជាដើម។ និយាយម្យ៉ាងទៀត វាបានក្លាយទៅជាការជំរុញអនុវត្តន៍ការដោះស្រាយវិវាទដីធ្លីផងដែរ។
«យើងនៅសល់ ២២០០ករណីទៀត នៅទូទាំងប្រទេស ដែលមិនទានបានដោះស្រាយបញ្ចប់តាមរយៈយន្តការទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី នៅពេលដែលសកម្មភាព នៃការចុះបញ្ជីដីធ្លីរបស់យើងដំណើរការបានទៅមុខថែមទៀត រហូតដល់៩៤ភាគរយ បើចុះបញ្ជីបានមានន័យថា ដីទាំងនេះ គឺគ្មានទំនាស់ យើយអាចប្រកាសតំបន់វិនិឆ្ឆ័យបាន ហើយយើងចេញបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៕