(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្ដអំពាវនាវ ទៅដល់ម្ចាស់ផ្ទះឈ្នូល កុំដំឡើងថ្លៃផ្ទះ ថ្លៃបន្ទប់ឲ្យលើសពីអ្វី ដែលកម្មករ-កម្មការិនីទទួលបាន ខណៈដែលប៉ុន្មានថ្ងៃទៀត ប្រាក់បៀវត្សរ៍របស់កម្មករ-កម្មការិនី ដំឡើងបានត្រឹមតែ៨ដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩នេះ។
ការបន្ដអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២,៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់ ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះ សល់តែប៉ុន្មានថ្ងៃទៀត ប្រាក់បៀវត្សរ៍ឡើងកម្មករ-កម្មការិនីរបស់យើង ដំឡើងបានត្រឹមតែ៨ដុល្លារទេ នៅក្នុងឆ្នាំនេះ គឺពី១៨២ដុល្លារ ទៅកាន់១៩០ដុល្លារ ចំនួននេះគឺជាចំនួនមួយ ដែលអាចនឹងធ្វើឲ្យកម្ពុជាយើងក្នុងចំណោមប្រទេសមួយចំនួន...យើងឥលូវនេះ បានឡើងហួសពីកម្មករប្រទេសវៀតណាមទៅហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «កម្មករវៀតណាម មានចែងជាតំបន់ តំបន់ខ្លះ១៣០ដុល្លារទេ ឯយើងមិនមានចែកជាតំបន់ទេ ១៩០ដុល្លារទាំងអស់ ប៉ុន្ដែខ្ញុំព្រះករុណាខ្ញុំ ក៏សូមនៅតែបន្ដអំពាវនាវចំពោះម្ចាស់ផ្ទះឈ្នួល ខិតខំធ្វើយ៉ាងម្ដេចកុំដំឡើងថ្លៃហួសពីអ្វី ដែលកម្មករទទួលបាន បើមិនចឹងទេ កម្មករឡើងប្រាក់ខែបានតែ៨ដុល្លារ ដល់តែបន្ទប់ឈ្នួលឡើងដល់១០ដុល្លារ វាចាប់ផ្ដើមរួច»។
ជាមួយគ្នានោះនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវធ្វើការជាមួយម្ចាស់ផ្ទះឈ្នួល ដើម្បីទប់ស្កាត់បញ្ហាឡើងឈ្នួលផ្ទះ និងបន្ទប់ ដើម្បីធានាថា កម្មករទទួលបានអត្ថប្រយោជន៍ ពីការដំឡើងប្រាក់ឈ្នួលយ៉ាងពិតប្រាកដ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់វុធ ក៏នឹងចាប់ផ្ដើមឡើងប្រាក់បៀវត្សរ៍ នៅប៉ុន្មានថ្ងៃខាងមុខដែរ តែនេះជាការឡើងកម្រិតតិចតួច ដ៏ឡើងច្រើនគឺអំឡុងខែវិច្ឆិកា។ សម្ដេចបន្ដថា មួយឆ្នាំឡើង២ដង ឡើងទី១ គឺឡើងមួយចំនួនដល់ឡើងខ្លាំង គឺនៅក្នុងខែមេសា ដែលអនុវត្ដបែបនេះជារៀងរាល់ឆ្នាំ៕