(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្តែងនូវការងឿងឆ្ងល់ ចំពោះបុគ្គលមួយចំនួន ដែលមានចិរតស្អប់របបគុម្មុយនីស ប៉ុន្តែបុគ្គលនោះបែរជាបង្ខំឲ្យកម្ពុជា យកគំរូតាមរបបកុម្មុយនីស តាមរយៈការកំណត់តម្លៃស្រូវទៅវិញ។
ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមក ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្វីដែលខ្ញុំមិនយល់ នៅត្រង់ថារហូតដល់អ្នកខ្លះស្អប់កុម្មុយនីសណាស់ ប៉ុន្តែអំពាវនាវ ឬក៏ជំរុញឲ្យខ្ញុំ ធ្វើគុម្មុយនីស គឺឲ្យកំណត់ថ្លៃស្រូវ ។ អិចឹងទេខ្លួនឯង គឺថាពូកែណាស់ជេរគេថា គេកុម្មុយនីស ប៉ុន្តែខ្លួនឯងក៏ជាអ្នកមកចាប់បង្ខំគេអនុវត្តន៍នូវសេដ្ឋកិច្ចបែបគុម្មុយនីស»។
ពាក់ព័ន្ធតម្លៃស្រូវសម្តេចតេជោបញ្ជាក់ទៀតថា «យើងបានត្រឹមតែអំពាវនាវប៉ុណ្ណោះ ប៉ុន្តែយន្តការទីផ្សារមិនត្រូវឲ្យរដ្ឋធ្វើការកំណត់ថ្លៃទេ បញ្ហានេះត្រូវឲ្យច្បាស់ជាមួយគ្នា»។
បន្ថែមពីការពន្យល់របស់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត អំពីការធ្លាក់ចុះតម្លៃស្រូវ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំពោះស្រូវគុណភាពល្អធម្មតា តម្លៃនៅតែរក្សាបានល្អ លើកលែងតែស្រូវដែលអន់គុណភាព ពូជស្រូវមិនសុទ្ធ ដែលធ្វើឲ្យអ្នកទិញជួបការលំបាកតម្រូវឲ្យកំណត់តម្លៃរាងទាបបន្តិច តែក៏មានការគាំពារផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះការប្រមូលផលស្រូវរដូវវស្សានៅកម្ពុជា សម្រេចបានជាង២លានហិតកាហើយ ក្នុងផ្ទៃដីបង្កបង្កើនផលប្រមាណ២.៧លានហិកតា ដែលទិន្នផលស្រូវក្នុងឆ្នាំនេះ អាចនឹងសល់ស្រូវលើសពីតម្រូវការរហូតដល់៦លានតោន សម្រាប់ធ្វើការនាំចេញ។
សម្តេចតេជោបានថ្លែងថា បើទោះបីជាផ្ទៃដីដាំដុះស្រូវរបស់កម្ពុជា នៅតែរក្សាដដែលក៏ពិតមែន ប៉ុន្តែទិន្នផលស្រូវបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យកម្ពុជាមានស្រូវលើសច្រើន សម្រាប់ធ្វើការនាំចេញ។ សម្រាប់ការនាំចេញអង្ករ គិតមកដល់ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទីផ្សារអន្តរជាតិសម្រេចបានជិត៦០ម៉ឺនតោន ហើយការនាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាម មានរហូតដល់ជាង២លានតោន៕