(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងជំរុញលើកជាកម្លាំងចិត្តដល់ជនពិការភាពកម្ពុជាទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងប្រកបការងារ រកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតឱ្យបានល្អប្រសើរ ពោលគឺពីការចុះផ្លូវកាយតែសូមកុំឲ្យពីការផ្លូវចិត្ត។

លោក អ៊ុន ចាន់ដា បានថ្លែងជំរុញយ៉ាងដូចនេះនាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងខណៈពេលចូលរួមជាអធិបតីក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ដែលប្រារព្ធធ្វើនៅក្នុងបរិវេណវត្តស្នឹង ភូមិស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែមានការយកចិត្តទុកដាក់ គិតគូរយ៉ាង ខ្លាំងចំពោះបងប្អូនជនពិការកម្ពុជា ជាពិសេសគឺវិស័យសុខមាលភាព និងផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ និងមានសិទ្ធិចូលរួមបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំ របស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តក៏បានសាងសង់ផ្លូវតាមស្នាក់ការឃុំ សាលាស្រុក ឬក៏អគាររដ្ឋបាលផ្សេងៗ មានផ្លូវកាំជណ្ដើរ និងផ្លូវជម្រាលសម្រាប់សម្រួល ក្នុងការធ្វើដំណើររបស់បងប្អូនជនពិការ ពេលមករកការបម្រើសេវារដ្ឋបាលនានាក្នុងខេត្ត ដែលមានអាជ្ញាធរចាំជួយដល់បងប្អូនពិការភាពយើង។ ក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានជំរុញដល់វិស័យឯកជនឲ្យពិនិត្យមើលលទ្ធភាព ដើម្បីផ្ដល់ការងារឱ្យបងប្អូនពិការភាពបានបម្រើការងារ តាមក្រុមហ៊ុននានា ឬក៏តាមរោងចក្រជាដើម ។ ជាងនេះទៅទៀត ក៏មានអង្គការជាដៃគូមួយចំនួនទៀត ដែលធ្វើកិច្ចការជួយដល់បងប្អូនជនពិការពិភាពរបស់យើងផងដែរ។

លោក យឹង រិទ្ធី អនុប្រធានសម្របសម្រួលប្រតិបត្តិនៃអង្គការ អ ជ អាយ (HI) បានឱ្យដឹងថា នៅឆ្នាំ២០១៩គិតមកដល់ខែធ្នូនេះ មជ្ឈមណ្ឌលស្តារខេត្តកំពង់ចាម បានគាំទ្រដល់ជនមានពិការភាពចំនួន ២,២៨០នាក់ក្នុងនោះមានស្ត្រី ៧៦៥ កុមារី៤៥៦នាក់ និងកុមារ ៦០២នាក់ ដោយបានផ្តល់ជូននូវអវៈយវៈសិប្បនិម្មិតចំនួន ២៦៤ រណប ៤៣៦ រទេះរុញ ១៦៨ គ្រឿងឈើច្រត់ ៣៦៨ និងសេវាព្យាបាលចលនា និងសេវាសង្គមផងដែរ។ ជនមានពិការភាព០៨នាក់ បានត្រូវបញ្ជូនទៅសិក្សានៅ សាលាចំណេះដឹងទូទៅ និងបញ្ចូនទៅបណ្តុះបណ្តាលវិជ្ជាជីវៈបានជួសជុល និងសាងសង់ជម្រាលសម្រាប់ជនពិការនៅតាមសហគមន៍ចំនួន ៤កន្លែង និងបញ្ជូនទៅវះកាត់ ចំនួន៣២នាក់។

លោក យឹង រិទ្ធី បានបញ្ជាក់ទៀតថា ចំពោះការកសាងសមត្ថភាពឡើងវិញ បានបណ្តុះបណ្តាលលើប្រធានបទស្តីពី ពិការភាពសេវាលទ្ធភាពពលកម្ម និងដ្សាក្រាម បញ្ជូនប្រភេទពិការ ដល់បុគ្គលិកមន្ទីរសុខាភិបាលមន្ទីរពេទ្យខេត្តមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ចំនួន២០និងក្រុមប្រឹក្សា ឃុំចំនួន២០ផងដែរ៕