(កណ្ដាល)៖ កម្លាំងនគរបាលខេត្ដកណ្ដាល ក្រោមការផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបញ្ចាំ និងបើកហ្គេមអនឡាញ ពីរទីតាំងនៅក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រី៣៣នាក់។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ចំណុចទីតាំងទី១ ស្ថិតនៅភូមិតាខ្មៅថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំងឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាស័យដ្ឋានផ្ទះលេខ២០៧ ផ្លូវលេខ១១៤ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ខេត្តកណ្ដាល។ ដោយក្នុងនោះ ឃាត់ខ្លួនបានមនុស្ស១៦នាក់ ស្រី២នាក់។

លទ្ធផលធ្វើតេស្តទឹកនោមគោលដៅទី១ រកឃើញមនុស្សមានសារធាតុញៀន ៤នាក់ (ស្រីម្នាក់)។ វត្ថុតាងចាប់យក ម៉ូតូ០៩គ្រឿង, ទូរស័ព្ទ ០៧គ្រឿង។ ក្រោយពិនិត្យឃើញថា ទីតាំងខាងលើបានផ្តល់សេវាកម្ម ហ្គេមអនឡាញ (E-Sport) និងទទួលបញ្ចាំ ដោយមានយុវវ័យ ជាអនីតិជន ចូលលេងទាំងពេលថ្ងៃ និងពេលយប់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ទីតាំងទី២ស្ថិតនៅផ្លូវលេខ១០៩ ភូមិតាខ្មៅថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ទីតាំងឈ្មោះ ហ៊ុន សុជាតិ ភេទប្រុស អាស័យដ្ឋានផ្ទះលេខ២០៧ ផ្លូវលេខ១១៤ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចាប់ខ្លួនបានជនសង្ស័យ ១៨នាក់ (ស្រី២នាក់) ហើយបានធ្វើតេស្តទឹកនោម មានសារធាតុញៀន ១៧នាក់ ស្រីម្នាក់។ វត្ថុតាងចាប់យក ម៉ូតូ០២គ្រឿង និងទូរស័ព្ទ០៤គ្រឿង។

លទ្ធផលក្រោយពិនិត្យរកឃើញថា ទីតាំងខាងលើមានធ្វើអាជីវកម្មល្បែង Online ដោយមិនលិខិតអនុញ្ញាត មានយុវវ័យជាអនីតិជន ចូលលេងទាំងពេលថ្ងៃ និងពេលយប់ ជាទីតាំងមានការប្រើប្រាស់ជួញដូរ និងចែកចាយសារធាតុញៀន។ បច្ចុប្បន្នករណីនេះសមត្ថកិច្ចជំនាញខេត្ត និងអធិការដ្ឋាន ក្រុងតាខ្មៅ កំពុងបន្តចាត់ការតាមនីតិវិធី៕