(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលតែងតែគិតគូពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ ទើបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានសហការជាមួយគណៈកម្មការផ្សារ ទួលទំពូង និងផ្សារបឹងទំពុនចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាពជាពិសេសផ្លែឈើ មួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់បានអោយដឹងថា ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានត្រួតពិនិត្យម្ហូបអាហារ ទៅលើអនាម័យ ការតាំងលក់ បានធ្វើការណែនាំ ផ្សព្វផ្សាយ អប់រំ ដល់អាជីវករស្តីពី សុវត្ថិភាពចំណីអាហារនិងយកគំរូផ្លែឈើចំនួន ៥០គំរូដែលសង្ស័យមានហានិភ័យខ្ពស់ជាពិសេសផ្លែ Cherry ហើយបានបញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដោយជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់ទេ។

លោកបន្តថា មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំនិងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែមនូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តិនោះគឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិតនិងជាអ្នកប៉ះពាល់ដោយផ្ទាល់នៅសារធាតុនេះ។

លោកអនុប្រធានបញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូល នៅប្រចាំ ជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណាមានការសង្ស័យថាបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណាដែលមានសារធាតុគីមី អាចយកមកអោយមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយនឹងធ្វើការដកហូតភ្លាមៗតែម្តង៕