(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា រក្សាបាននូវសុខសន្តិភាព សេរីភាព និងវឌ្ឍន៍ភាពលើគ្រប់វិស័យ។

ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារវត្ត «តាមាន់សែនជ័យ» ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ប៉ែន កុសល្យ បានលើកឡើងថា វិស័យពុទ្ធចក្រ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឲ្យសាធារណជន ជាមណ្ឌលមនុស្សចាស់ ក្មេងកំព្រា និងជាឃ្លាំងបណ្តុះគំនិតអប់រំ សិលធម៍សង្គម ដល់គ្រប់ស្រទាប់មហាជន ជាពិសេសយុវជនយ៉ាងមានប្រសិទ្ធិភាព។

លោកអភិបាលខេត្ត នៅតែមានជំនឿដ៏កក់ក្តៅថា ព្រះពុទ្ធសាសនា ជាទីគោរពសក្ការៈនៃយើង នឹងបន្តតួនាទីយ៉ាងសំខាន់ ក្នុងការបន្តចូលរួមកសាង ការពារ ថែរក្សាសន្តិភាព ពង្រឹងស្ថេរភាពសង្គម ជូនដល់ប្រទេសជាតិ និងមនុស្សជាតិ តាមរយៈព្រះធម៌ដែលជាព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលញ៉ាំងឲ្យប្រទេសជាតិ រួចចាកពីមហន្តរាយផ្សេងៗ ដូចជា៖ សង្គ្រាម អំពើហិង្សា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ជំងឺអេដស៍ និងអំពើអបាយមុខផ្សេងៗ។

លោក ប៉ែន កុសល្យ បានបន្តទៀតថា វិស័យពុទ្ធចក្រ គឺផ្សាភ្ជាប់ជាមួយអាណាចក្រ ហើយសម្រាប់ប្រទេសកម្ពុជា វិស័យពុទ្ធចក្រ បានចូលរួមយ៉ាងធំសម្បើម ក្នុងការកសាង និងការពារប្រទេសជាតិ ដោយក្នុងនោះរដ្ឋធម្មនុញ្ញ បានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងខឿនការពារជាតិ។

លោក ប៉ែន កុសល្យ ក៏បានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យ ព្រោះរដូវនេះ ជារដូវប្រាំង ត្រូវមានវិធានការរក្សាស្តុកទឹកទុក សម្រាប់ប្រើប្រាស់នាពេលខាងមុខ ព្រោះតាមការព្យាករណ៍ រដូវប្រាំងខាងមុខ តំបន់មួយចំនួន នឹងខ្វះទឹកប្រើប្រាស់។

លោកអភិបាលខេត្ត បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់គ្នា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ត្រូវរួមគ្នាកសាងប្រទេសជាតិ អោយមានការរីកចម្រើនឡើង ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕