(បាត់ដំបង)៖ សាកលវិទ្យាល័យបាត់ដំបង បានប្រារព្ធពិធីបើកសម្ពោធវិទ្យាស្ថានខុងជឺ ជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។ វិទ្យាស្ថាននេះ មានទីតាំងស្ថិតក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។

កម្មវិធីបើកសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ការបើកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបាត់ដំបង មានគោលបំណងចំនួនបួនសំខាន់ៗ ដូចជា៖ ទីមួយ បង្រៀនភាសាចិនដល់សាធារណជនទូទៅ នៅក្នុងភូមិភាគពាយព្យប្រទេសកម្ពុជា, ទីពីរ គឺបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ការរៀបចំប្រឡងភាសាចិន និងផ្តល់វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិន, ទីបី ការផ្តល់ប្រឹក្សាយោបល់ពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងទីបួន ការស្រាវជ្រាវថ្នាក់បណ្ឌិតរួមគ្នា កម្មវិធីអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសចិន និងអាហារូបករណ៍ភាពជាអ្នកដឹកនាំវ័យក្មេង។

លោក ស សុខា បានលើកឡើងពី ចំណងការទូតរវាងកម្ពុជា និងចិនដែលបានចាប់ផ្តើមតាំងពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលមានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាស្ថាបនិកជាមួយថ្នាក់ដឹក នាំប្រទេសចិន។ វិថីទំនាក់ទំនងនេះ បានបន្តភ្ជាប់ និងពង្រីកជាលំដាប់ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានក្លាយជាទំនាក់ទំនងយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តល្អ អ្នកជិតខាងល្អ បងប្អូនល្អ និងជាដៃគូល្អ។

លោក ស សុខា ក៏បានលើកឡើងពី កំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា លើការអប់រំកាយនិងកីឡា ដើម្បីត្រៀមខ្លួនចូលរួម ក្នុងការប្រកួតស៊ីហ្គេម នៅក្នុងឆ្នាំ២០២៣ខាងមុខ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ជាការគួរឲ្យកត់សម្គាល់វិស័យកីឡាកម្ពុជា មានភាពរីកចំរើនជាលំដាប់ ឧទាហរណ៍ដូចជាកីឡាករ កីឡាការនីយើងដណ្តើមបានមេដាយកើនឡើង ជាបន្តបន្ទាប់ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបណ្ឌិត ម៉ា ជៀនហ្វេ (MA Jianfei) នាយករងប្រតិបត្តិប្រចាំទីស្នាក់ការកណ្តាលវិទ្យាស្ថានខុងជឺ បានផ្ញើសារអបអរសាទ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង។
លោកបណ្ឌិតបានកត់សម្គាល់ថា វិទ្យាស្ថានខុងជឺ បានដើរតួនាទីសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលធ្លាប់មានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុង រឿងយូរអង្វែង។ កម្ពុជាបានឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវាត់មួយ»។ កម្ពុជា និងចិន កំពុងតែពង្រឹង និងកសាងនូវជំនឿទុកចិត្តខាងផ្នែកនយោបាយទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ កម្ពុជាបានក្លាយជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិន និងក្លាយជាប្រទេសមួយដែលជាគោលដៅ សម្រាប់ការធ្វើវិនិយោគទុនធុរកិច្ច លើគ្រប់វិស័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមរំលឹកដែរថា វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបាត់ដំបង គឺជាវិទ្យាស្ថានទីពីរ ក្នុងព្រះរាជាណាចក្រកម្ពុជាដែល ទីស្នាក់ការកណ្តាល វិទ្យាស្ថានខុងជឺ ហាន បាន បានយល់ព្រមឱ្យដំណើរការកាលពីចុងឆ្នាំ ២០១៨ បន្ទាប់ពីវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០៩។

វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង នឹងបើកឱ្យនិស្សិតសាកលវិទ្យាល័យទាំងអស់ ក្នុងខេត្តបាត់ដំបង អាចចុះឈ្មោះចូលរៀនជាផ្លូវការ ចាប់ពីឆ្នាំ២០២០ លើមុខជំនាញដូចជា៖ ភាសាចិន រួមជាមួយនឹង ជំនាញព័ត៌មានវិទ្យា អគ្គិសនីពាណិជ្ជកម្មតាមបែបអេឡិចត្រូនិច ទេសចរណ៍ នីតិសាស្រ្ត វិស្វកម្ម និងកសិកម្ម៕

http://image.freshnewsasia.com/2019/tharith2019/fn-2019-12-26-17-54-24-12.JPG http://image.freshnewsasia.com/2019/tharith2019/fn-2019-12-26-17-54-27-13.JPG