(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណ:កម្មការចម្រុះដេីម្បីសេីុបអង្កេត ស្រាវជ្រាវ ដេីម្បីឈានទៅរកការចាប់ខ្លួនជនបង្ក ដែលបានបេីកបររថយន្តបុកមនុស្ស២នាក់ស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថាលោកបានបញ្ជាទៅនាយកដ្ឋានជំនាញ ធ្វើការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ ចុះធ្វើរឿងនេះជាបន្ទាន់ ដើម្បីតាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនអ្នកបើករថយន្ដ។

យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។

យោងតាមព័ត៌មានបឋម ដែលភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ទទួលបានកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។ លុះមកដល់កន្លែងកើតហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរងគ្រោះទាំងពីរ។

លោក សុធី ដែលជាប្រជាពលរដ្ឋរស់នៅក្បែរនោះ មិនបានឃើញហេតុការណ៍ទេ ប៉ុន្តែបានឃើញរថយន្តរបស់ជនបង្កទាំងពីរគ្រឿង ព្យាយាមបើករត់គេចពីកន្លែងកើតហេតុ។ លោក សុធី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩បានអះអាងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ខ្លួនបានបើកម៉ូតូដេញតាមរថយន្តបង្កហេតុ រហូតដល់កំពង់ចម្លងកោះដាច់។

ប្រជាពលរដ្ឋរូបនេះ បានទូរស័ព្ទរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យជួយចេញអន្តរាគមន៍ តាមឃាត់រថយន្តជនបង្កហេតុនោះ។ លុះពេលទៅដល់កំពង់ចម្លង រថយន្តបានឡើងសាឡាង ជិតដល់ត្រើយម្ខាងទៀតបាត់ទៅហើយ។ ទោះបីជាយ៉ាងនេះក្តី ខ្លួនបានទូរស័ព្ទទៅក្រុមការងារសាឡាង ឲ្យជួយឃាត់រថយន្តនោះទុក ហើយថែមទាំងសំណូមពរឲ្យដាក់របងរាំង មិនឲ្យរថយន្តបង្កហេតុរត់ទៅណាបានឡើយ។ ផ្ទុយទៅវិញ ក្រុមការងារសាឡាង បានបើកដៃឲ្យរថយន្តឡើងច្រាំង និងមិនបានធ្វើតាមការសំណូមពរ របស់លោកសុធីឡើយ។

ជាមួយគ្នានេះ លោក ឌុគ សំអឿន អនុប្រធានភូមិ បានឲ្យដឹងថា បន្ទាប់ពីមានការហៅទូរស័ព្ទពីលោក សុធី ខ្លួនបាននាំប្រជាការពារភូមិ ដើម្បីទៅធ្វើអន្តរាគមន៍តាមឃាត់រថយន្តបង្កហេតុ។ លោកបន្តថា ក្រុមប្រជាការពារភូមិ បានទៅដល់កំពង់ចម្លងកោះដាច់ ប៉ុន្តែមិនទទួលបានផលអ្វីឡើយ ដោយសារខាងក្រុមអ្នកបើកសាឡាង មិនឃាត់រថយន្តបង្កទាំងនោះទុកសោះ។

លោក ជុំ សំណាង ដែលជានាយរងប៉ុស្តិ៍កោះដាច់ បានឲ្យដឹងបន្ថែមថា ខ្លួនបានខិតខំធ្វើការស្រាវជ្រាវករណីនេះដែរ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកបានសុំពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព របស់ម្ចាស់កំពង់ចម្លង។ លោកបានបន្តថា សមត្ថកិច្ចទទួលបានវីដេអូ ដែលរថយន្តបង្កហេតុបើកឡើងសាឡាង ប៉ុន្តែជាអកុសលមើលមិនច្បាស់ លើស្លាកលេខសោះឡើយ។ នេះជាមូលហេតុ ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវរឿងក្តីមួយនេះ។

លុះមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងសាច់ញាតិជនរងគ្រោះ បានសួរទៅសមត្ថកិច្ចលោក ជុំ សំណាង ថា តើបានមើលកាំមេរ៉ាសុវត្ថិភាពអស់ហើយ ឬនៅ? សមត្ថកិច្ចរូបនេះ បានឆ្លើយថា នៅមិនទាន់បានមើលអស់នៅឡើយទេ។

បន្ទាប់មកនៅថ្ងៃដដែលនោះ សមត្ថកិច្ច និងសាច់ញាតិជនរងគ្រោះ បានទៅសុំម្ចាស់កំពង់ចម្លង ពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលថតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ម្ចាស់កំពង់ចម្លងប្រាប់ថា វីដេអូដែលថតដោយកាំមេរ៉ាសុវត្ថិភាព បានលុបបាត់ដោយស្វ័យប្រវត្តិរួចហើយ ព្រោះកាំមេរ៉ានេះអាចរក្សាវីដេអូបានត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី លោក សុខ ឃាង ម្ចាស់កំពង់ចម្លងកោះដាច់ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ពេលលោកសុធី ទូរស័ព្ទឲ្យលោកជួយឃាត់រថយន្តបង្កហេតុនោះ គឺយឺតពេលបាត់ទៅហើយ ពោលរថយន្តនោះបានឡើងច្រាំងផុត មិនដឹងបើកទៅដល់ទីណាទេ។ ចំពោះវីដេអូកាំមេរ៉ាសុវត្ថិភាពវិញ លោកបកស្រាយថា ហាដឌីសតូចពេក មិនអាចផ្ទុកទិន្នន័យបានយូរថ្ងៃឡើយ។

លើសពីនេះទៅទៀត ឪពុករបស់សព ភ័ណ្ឌ ភីរ៉ាដា គឺលោក ព្រេម សុភ័ណ្ឌ ដែលជានគរបាលចរាចរណ៍ផងនោះ បានវង្វេងស្មារតីនិយាយស្តីលេងដឹងរឿងផងដែរ ព្រោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន បានស្លាប់ទាំងវ័យក្មេងបែបនេះ៕