(ភ្នំពេញ)៖ ផែនការសំខាន់ៗចំនួន៥ចំណុច ត្រូវបានលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដាក់ចេញសម្រាប់អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់។
លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា ផែនការសមាហរណកម្មបោសសម្អាតមីន ២០២០ របស់អង្គភាពស៊ីម៉ាក់ មានគោលដៅសំខាន់ៗដូចខាងក្រោម៖
១៖ កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់ ចំនួន១១៦គីឡូម៉ែត្រក្រឡា ក្នុងនោះមានចំការមីនចំនួនប្រមាណ៧៩គីឡូម៉ែត្រក្រឡា និងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។ នៅចំពោះមុខនេះ មានការបញ្ជាក់គំរោងចាប់ផ្តើមអនុវត្តបានមានចំនួនជាង៨០គីឡូម៉ែត្រក្រឡា ហើយនៅសល់៣៦គីឡូម៉ែត្រក្រឡា កំពុងរង់ចាំ និងស្វែងរកដៃគូជំនួយ ដើម្បីគាំទ្រផែនការនេះ ដើម្បីសំរេចបានគោលដៅរំដោះដី១១៦គីឡូម៉ែត្រក្រឡានេះ ត្រូវការកំលាំងជំនាញសរុបជាង១៦០០នាក់។ កំលាំងអន្តរាគមន៍កម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ៤០,០០០គ្រាប់ និងត្រូវឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ៗ ចំនួន៥០០០ករណី។
២៖ ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖ អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹងកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីហ្វឹកហ្វឺនពង្រីកបណ្ដាញស្ម័គ្រចិត្ត តាមមូលដ្ឋាននៅទូទាំងប្រទេស ដែលត្រូវប្រព្រឹតិ្តទៅ១២,០០០លើក មានចំនួន ១០០,០០០ខ្នងផ្ទះ មានមនុស្សរាយចំនួ ន៧០ម៉ឺននាក់។
៣៖ ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៖ បន្ដខិតខំកៀរគរជំនួយ ដើម្បីបញ្ចប់ការងារស្រាវជ្រាវព័ត៌មានកម្រិតមូលដ្ឋាន ឲ្យបានចប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្របតាមផែនការយុទ្ធសាស្រ្ដ របស់អាជ្ញាធរមីន។ សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើន ជាតំបន់គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបច្ចុប្បន្ននេះ កម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់ មានចំនួន១២ក្រុម អាចបន្ដបំពេញភារកិច្ចនេះតាមសំណូមពរបាន។ ក្នុងឆ្នាំ២០២០ កំលាំងអាចស្រាវជ្រាវលើចំនួន៨០០ភូមិ។
៤៖ ការងារហ្វឹកហ្វឺន៖ នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោក ដើម្បីរួមចំណែកក្នុងភារកិច្ចបោសសម្អាតមីន មានចំនួនប្រមាណ៥០០នាក់ ទាំងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងនៅមូលដ្ឋានកងទ័ព និងហ្វឹកហ្វឺនអន្តរជាតិ ដូចជាមកពីប្រទេសអ៊ីរ៉ាក់ កូឡុំប៊ី ឡាវ ជាដើមចំនួន៥វគ្គ មានសិក្ខាកាមអន្តរជាតិជាង១០០នាក់។
៥៖ ការងារពង្រឹងសមត្ថភាពមន្ត្រី ការអភិវឌ្ឍ នីតិវិធីស្តង់ដារប្រតិបត្តិការ និងការងារសហការកិច្ចការសន្តិសុខនានាជាដើម។ ល។
សូមជម្រាបថា នៅរយៈពេល១២ខែ ឆ្នាំ២០១៩ ស៊ីម៉ាក់ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦,១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០,៦៦០គ្រាប់។ នៅក្នុងប្រតិបត្តិការឆ្នាំ២០១៩ ស៊ីម៉ាក់បានរំដោះផ្ទៃដីចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ៦៦,៩៦៦,៥៤៤ ម៉ែត្រក្រឡា លើចំការមីន/ចំការគ្រាប់ចំនួន ៤៨៧ទីតាំង៕