(ព្រះវិហារ)៖ សម្ភារកសិកម្មជាច្រើនប្រភេទ ដែលបម្រើឱ្យការងារផលិតកម្មកសិកម្ម ត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នាំយកទៅចែកជូនដល់ប្រជាកសិករចំនួន៧០គ្រួសារ មកពីបណ្តាឃុំគោលដៅ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

លោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា ការនាំយកសម្ភារកសិកម្ម មកចែកជូនប្រជាកសិករ នៅពេលនេះ គឺក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាកសិករយើងឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការងារផលិតកម្មកសិកម្ម ក៏ដូចជាការងារចិញ្ចឹមសត្វផងដែរ។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ដែលដឹកនាំដោយលោករដ្ឋមន្ត្រី វេង សាខុន បានការយកចិត្តទុកដាក់គិតគូរ ខ្លាំងណាស់ ចំពោះប្រជាកសិករយើង តាមរយៈការជួយស្វែងរកទីផ្សារ ការផ្តល់ពូជដំណាំផ្សេងៗ និងការចែកសម្ភារកសិកម្មជាដើម។

ជាក់ស្តែងថ្ងៃនាថ្ងៃម្សិលមិញ កសិករបណ្តុំ ដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វចំនួន៧០គ្រួសារ ក្នុងស្រុកសង្គមថ្មី ទទួលបានសម្ភារគាំទ្រដល់ សកម្មភាពផលិតកម្មកសិកម្ម រួមមាន៖ ធុងទឹក ម៉ាស៊ីនបូមទឹក ម៉ូទរ័បូមទឹក ប្រពន្ធ័ដំណក់ទឹក ម៉ាស៊ីនរៀបចំដីដាំដុះបន្លែ កៅស៊ូគ្របរងបន្លែ សំណាញ់សុវត្ថិភាព ការពារសត្វចិញ្ចឹម ម៉ូទ័រកិនបន្លែ និងកិនធញ្ញជាតិ សម្រាប់ការចិញ្ចឹមសត្វ៕