(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រគល់ និងទទួលថវិកាដែលជាជំនួយសប្បុរសពីធនាគារ MGN Emperor Bank Plc ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ និងជាតំណាងឲ្យធនាគារ MGN Emperor Bank Plc បានថ្លែងថា ក្រៅពីការជំនាញរបស់ធនាគារ ធនាគាររបស់លោកបានចូលរួម យ៉ាងសកម្មនៅក្នុងការងារសង្គមជាច្រើន ដូចជា បានជួយដល់មូលនិធិសាខាកាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផា កុមារកំព្រាមណ្ឌលភ្នំពេញ និងមណ្ឌលស្វាយរៀង ការឧបត្ថម្ភដល់ព្រឹត្តិការណ៍ នៃការបាក់រលំ អគារនៅខេត្តព្រះសីហនុ ការកសាងផ្លូវ និងការកសាងសមិទ្ធិផលក្នុងផ្នែកព្រះពុទ្ធសាសនា និងបណ្តាសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

ទេសរដ្ឋមន្រ្តី គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានថ្លែងនូវការកោតសសើរ និងទឹកចិត្តសប្បុររបស់ភាគីធនាគារ ក្នុងការចូលរួមដំណែកជាវិភាគទានជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការងារគ្រោះមហន្តរាយផ្សេងៗទៀត។

ក្នុងនាមរាជរដ្ឋាភិបាលលោកស្រីក៏បានថ្លែងអំណរគុណដល់វិស័យឯកដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសតាមរយៈការងារមនុស្សធម៍នេះ និងបានអំពាវនាវឲ្យវិស័យឯកជនមួយនេះបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលបន្ថែមទៀត៕