(កណ្ដាល)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ កង់ និងអំពូលភ្លើងប្រើថាមពល ពន្លឺព្រះអាទិត្យ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងក្របខណ្ឌគម្រោងសាកល្បង កាត់បន្ថយភាពក្រីក្រ ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ របស់សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកស្រី ជួន ស្រីពៅ មេឃុំស្វាយអំពារ បានបញ្ជាក់ថា គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រ ក្រោមជំនួយហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន បានជួយដល់ប្រជាពលរដ្ឋភូមិឈើទាលភ្លោះ និងភូមិស្វាយអំពារ ឃុំស្វាយអំពារ រួមមាន៖ អាគារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ១ខ្នង, សង់បង្គន់អនាម័យ១០០បង្គន់, តបណ្ដាញភ្លើងអគ្គិសនីបាន៨២គ្រួសារ, ជួសជុលផ្ទះទ្រុឌទ្រោមបាន៣ខ្នង, សង់ផ្ទះថ្មីបាន៤២ខ្នង, សង់រោងផលិតសាប៊ូលាងចាន បាន២កន្លែង, អណ្ដូងទឹកស្អាត និងជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

លោក WANG Zhenghong ប្រធានមជ្ឈមណ្ឌលគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា មូលនិធិកាត់បន្ថយភាពក្រីក្រ ខេត្តស៊ីឈួន សមាគមកាត់បន្ថយ ភាពក្រីក្រ និងអភិវឌ្ឍន៍ខេត្តស៊ីឈួន ក្រុមហ៊ុន Chengdu Shengyuan Sunshine Environmental Protection Technology Co., Ltd និងក្រុមហ៊ុន Guangzhou Qi'an Technology Co.,Ltd បានបរិច្ចាគអំពូល សូឡាចំនួន២០០គ្រឿង ដល់ប្រជាជនក្រីក្រនៅភូមិគោលដៅ និងបរិច្ចាគកង់សម្រាប់សិស្សានុសិស្ស ដែលពុំទាន់មានមធ្យោបាយចំនួន៣០០គ្រឿង។

ប្រធានមជ្ឈមណ្ឌលគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ខេត្តស៊ីឈួន រូបនេះ បានគូសបញ្ជាក់ថា ការផ្តល់ជូននេះ យើងនឹងបង្កើតវេទិកាទំនាក់ទំនង «ក្តីស្រឡាញ់គ្មានព្រំដែន» និងមិត្តភាពចិន-កម្ពុជា បានឆ្លងកាត់ ពីមួយជំនាន់ទៅមួយជំនាន់ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិន និងប្រទេសកម្ពុជា នឹងសហការបានកាន់តែស៊ីជម្រៅថែមទៀត ពង្រឹងការទំនាក់ទំនងរវាងប្រជាជន ចិន-កម្ពុជា ដើម្បីបង្តើត ជាសហគមន៍ជោគវាសនាតែមួយ រវាងចិននិងកម្ពុជា។

ក្នុងឱកាសនោះ លោក អ៉ិន ចន្ថា បានលើកឡើងពីទំនាក់ទំនង ជាប្រវត្តិសាស្រ្ដកម្ពុជា-ចិន ហើយកម្ពុជា បានប្រកាសគាំទ្រគោលនយោបាយចិនតែមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបានថ្លែងអំណរគុណ ដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ ប្រជាពលរដ្ឋ៥០០គ្រួសារ នៅភូមិឈើទាលភ្លោះ និងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ដែលបានទទួលអំណោយ កង់ចំនួន៣០០គ្រឿង និងអំពូលភ្លើងប្រើថាមពល ពន្លឺព្រះអាទិត្យ ចំនួន២០០គ្រឿង ពីគម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រ ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃរដ្ឋាភិបាលចិន នាពេលនេះ។

លោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្ដែងការគាំទ្រ ចំពោះប្រសាសន៍របស់លោក WANG Zhenghong ដែលបានលើកឡើងថា អ្វីៗដែល កម្ពុជា-ចិន បានខិតខំប្រឹងប្រែងកន្លងមក វានឹងបន្ត នូវវប្បធម៌ជួយគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ លោករដ្ឋលេខាធិការ បានបន្តថា នៅសល់តែ៧ខែទៀត គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រជំហានទី១ នឹងត្រូវបានបញ្ចប់ ដូចនេះ សូមបងប្អូនបន្តចូលរួម សហប្រតិបត្តិការ រដ្ឋាភិបាលចិន នឹងបន្តជួយគាំទ្រគម្រោងនេះ ជាជំហានទី២ទៀត៕