(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានចេញលិខិតមួយច្បាប់ សម្រេចផ្អាកការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ជាបណ្តោះអាសន្ន ដោយរក្សាស្ថានភាពការងារកំពុងអនុវត្តក្នុងរចនាសម្ព័ន្ធ និងបុគ្គលិកបច្ចុប្បន្នឲ្យនៅដដែលសិន រហូតដំណើរការរៀបចំផ្ទេររចនាសម្ព័ន្ធថ្មី បានធ្វើសុពលភាពរួចរាល់។
ក្រសួងបញ្ជាក់ទៀតថា ចំពោះដំណើរការរៀបចំរបាយការណ៍ ស្តីពីការប្រែប្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ក៏ដូចជាការបើកផ្តល់ប្រាក់បៀវត្សរ៍ សម្រាប់មន្ត្រីរាជការ ដែលកំពុងបម្រើការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមុខងារសាធារណៈ ស្នើសុំឲ្យដំណើរការជាធម្មតាសិន រហូតមានលិខិតបទដ្ឋានគតិយុត្តថ្មី កំណត់ពីរចនាសម្ព័ន្ធមុខតំណែង ព្រមទាំងបុគ្គលិកមកជំនួស៕