(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់ទៅលើជនពិការក្រីក្រនៅក្នុងសហគមន៍តាមរយៈសកម្មភាព ជាក់ស្តែងក្នុងការអនុវត្តច្បាប់ អនុក្រឹត្យលិខិតបទដ្ឋានគតិយុត្តនានាលើជនមានពិការភាព។

នេះជាការលើកឡើងលោក ញ៉ឹក បានខេង អភិបាលរងខេត្ត ក្នុងពិធីចែកបណ្ណសង្គមកិច្ច និងបើកផ្តល់របបគោលនយោបាយដល់ជនពិការក្រីក្រនៅក្នុងសហគមន៍។ ពិធីនេះធ្វើឡើងនៅស្រុកសន្ទុក ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងជនមានពិការភាពប្រមាណ ៣១៣នាក់។

លោក ញ៉ឹក បានខេង បានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកពិការភាពជាការងារអាទិភាពនៅក្នុងវិស័យជាអាទិភាពសំខាន់ៗប្រទេសទៀត ដោយបានកំណត់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ អំពីការអនុវត្តគោលនយោបាយពីការភាពតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការផងដែរ។

លើសពីនេះទៀត សម្ដេចតែងតែអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវបង្ករៀបចំលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរចេញចូលនៅ ទីសាធារណៈសម្រាប់ជនពិការដូចជា ការរៀបចំចំណតយានយន្ត សម្រាប់ជនពិការការធ្វើជម្រាលការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹកការដាក់ស្លាកសញ្ញានានា នៅតាមផ្លូវថ្នល់ទីកន្លែងលំហែកាយមួយទៀត ដាក់មជ្ឈមណ្ឌលវប្បធម៌កន្លែងលេងកីឡាកន្លែង កម្សាន្តជាដើម ព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរ អំពីផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាមស្ថានភាព នៃសេដ្ឋកិច្ចជាតិព្រមទាំងបានបំផុសលើកទឹកចិត្ត ដល់ពលរដ្ឋសប្បុរសជនឯកផ្នែកឯកជន និងសង្គមស៊ីវិលឲ្យចូលរួមគាំទ្រនិងលើកទឹកចិត្តដល់ជនពិការ។

លោកបានន្តថា រដ្ឋាភិបាលបានជំរុញឲ្យមានការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់បងប្អូន ក្មួយៗ មានពិការភាពព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម កាយសម្បទាការព្យាបាល ដោយចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារនិងបង្ការពិការភាពការ អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាប និងភាសាសាញ្ញា ការរកការងារធ្វើ សកម្មភាពកីឡាសិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ ដៃគូនិងបន្តអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការផងដែរ។

លោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានលើកឡើងថា ក្នុងខេត្តកំពង់ធំ ការអនុវត្តន៍គោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ បានសម្រេចនូវសមិទ្ធិផលជាច្រើន ដែលជាការប្រមូលទិន្នន័យដំបូងសម្រាប់ជនពិការនៅក្នុងខេត្តកំពង់ធំសរុបចំនួន ៣៩៣០ នាក់ កុមារពិការ ៥១៤នាក់ ដោយឡែក នៅក្នុងស្រុកសន្ទុកជនពិការមានចំនួន ៥៤៤ នាក់ បានស្រង់ស្ថិតិពីជនពិការក្រីក្រនៅក្នុងសហគមន៍ចំនួន៥៤៤នាក់ ហើយក្នុងនោះជនពិការដែលត្រូវទទួលរបស់ គោលនយោបាយពីរដ្ឋាភិបាលមានចំនួន ៣១៣នាក់។

ក្នុងការចែកប័ណ្ណសង្គមកិច្ច និងផ្ដល់របបគោលនយោបាយដល់ជនពិការក្រីក្រចំនួន ៣១៣នាក់ ប្រភេទធ្ងន់មានរយៈពេល ១២ខែ គឺចំនួន ៦១នាក់ ប្រភេទមធ្យមមានរយៈពេល ៦ខែ មានចំនួន ១៥២ នាក់៕