(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Raffles Le Royal ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាង «អនុក្រឹត្យស្តីពីការគ្រប់គ្រង ការវិនិយោគសាធារណៈ» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ភ្ញៀវជាតិ និងអន្តរជាតិ។

លោករដ្ឋមន្រ្តីស្តីទី បានថ្លែងថា រាជរដ្ឋាភិបាលបានអនុម័ត «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ២០១៩-២០២៥» កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ យុទ្ធសាស្ត្រស្តីពីការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ២០១៩-២០២៥ គឺជាសមាសភាគដ៏សំខាន់មួយនៃ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកសារយុទ្ធសាស្រ្តនេះ បានកំណត់ក្របខ័ណ្ឌរួមមួយ ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន (ទាំងពីថវិកាជាតិ, ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ និងទុនវិនិយោគឯកជន តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន), និងនៅគ្រប់កម្រិតរដ្ឋបាល (ទាំងថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងអង្គភាពសាធារណៈប្រហាក់ប្រហែល)។

ការអនុវត្តនូវយុទ្ធសាស្រ្តនេះ ចែកចែកជា ២ដំណាក់កាល តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយសំខាន់ៗមួយចំនួនទាំងនៅក្នុងរយៈពេលខ្លីបន្ទាន់ចំពោះមុខ និងរយៈពេលមធ្យម ដោយក្នុងនោះ ក៏មានទាំងការរៀបចំសេចក្តីព្រាង «អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ»ផងដែរ។

លោករដ្ឋមន្រ្តីស្តីទី បានបន្តទៀតថា សេចក្តីព្រាងអនុក្រឹត្យនេះ គោលបំណងធានាប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រង គម្រោងវិនិយោគសាធារណៈ នៅតាមដំណាក់កាល នៃវដ្ដគម្រោង និងមានវិសាលភាពគ្របដណ្តប់លើការ គ្រប់គ្រងគម្រោង វិនិយោគសាធារណៈ ដែលហិរញ្ញប្បទានដោយថវិកាជាតិ, ហិរញ្ញប្បទានដោយដៃគូរអភិវឌ្ឍន៍, ហិរញ្ញប្បទានដោយវិស័យឯកជជន តាមយន្តការ PPP និងយន្តការផ្សេងទៀត, ហិរញ្ញប្បទានដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ, ដោយប្រភពហិរញ្ញប្បទានចម្រុះ ព្រមទាំងដោយសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងអង្គភាពសាធារណៈប្រហាក់ប្រហែលដទៃទៀត។

លោកបានបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណងដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធ នៃការវិនិយោគសាធារណៈរបស់យើងបច្ចុប្បន្ន ពិសេសការប្រើប្រាស់ ធនធានវិនិយោគ របស់ប្រទេសទាំងមូល ដែលមានលក្ខណៈរាយប៉ាយ ឱ្យក្លាយទៅលក្ខណៈជាប្រព័ន្ធ ស្របទៅតាមបទដ្ឋាន និងនីតិវិធីច្បាប់ ដោយមានភ្ជាប់នូវការទទួលខុសត្រូវច្បាស់លាស់ ទាំងសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងបំពេញមុខងារជាទ្វារបាលនៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងទាំងសម្រាប់ក្រសួង-ស្ថាប័ននានា ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់។

ក្នុងន័យនេះ លោកបានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ សូមចូលរួមធ្វើកិច្ចការកែទម្រង់ដ៏សំខាន់នេះ ក៏ដូចជាការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល ក្នុងស្មារតីការងារជាក្រុម និងឱ្យបានស្រុះដៃគ្នា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យការវិនិយោគសាធារណៈ អាចដើរតួនាទី ជាឧបករណ៍សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងស័ក្កសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនផង និងដើម្បីបន្តលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋ និងធានាបាននូវយុត្តិធម៌ និងសមធម៌នៅក្នុងសង្គមផងដែរ។

លោក វង្សី វិស្សុត បានលើកឡើងដែរថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០, កម្ពុជាត្រូវខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង របស់ខ្លួនឱ្យបានខ្លាំងក្លា ទាំងតាមរយៈការបង្កើនទំហំនៃការវិនិយោគ និងទាំងតាមរយៈការ លើកកម្ពស់ប្រសិទ្ធភាព នៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ពិសេសហេដ្ឋារចនាសម្ព័ន្ធនៃការតភ្ជាប់ ក្នុងវិស័យគមនាគមន៍, ថាមពល និងឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច-សង្គមផ្សេងទៀត ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម ។ ក៏ប៉ុន្តែបច្ចុប្បន្ន កម្ពុជាកំពុងប្រឈមទៅនឹងការធ្លាក់ចុះនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងមកពីប្រភព ហិរញ្ញប្បទានឥតសំណង និងទាំងមកពីប្រភពឥណទាន ដែលមានសម្បទានកម្រិតខ្ពស់ ដោយសារកម្ពុជាបានចាកផុតពីឋានៈជាប្រទេសដែលមានចំណូលទាប។

ម្យ៉ាងវិញទៀត ការវិនិយោគសាធារណៈកាន់តែមានលក្ខណៈស្មុគស្មាញ ដោយសារកត្តាការប្រែប្រួលអាកាសធាតុ, តម្រូវការនៃការអភិវឌ្ឍប្រទេសដែលមានទំហំកាន់តែធំ, ការរំពឹងទុក របស់ប្រជាជនដែលកាន់តែខ្ពស់ជាងមុន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងក្របខណ្ឌនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ក្នុងន័យនេះ កម្ពុជាត្រូវមានមានប្រព័ន្ធ គ្រប់គ្រងការ វិនិយោគរួមមួយ របស់ប្រទេសដែលរឹងមាំ និងមានភាពគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ សំដៅធ្វើយ៉ាងណាឱ្យអាចធានាបានថា កម្ពុជាពិតជាបានប្រើប្រាស់ ធនធានក្នុងការវិនិយោគប្រកបដោយភាពត្រឹមត្រូវ និងឆ្លាតវៃ ហើយទទួលបាននូវផលចំណេញមកវិញខ្ពស់បំផុត ដែលអាចឆ្លើយតប បានទៅនឹងសេចក្តីត្រូវការ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរំពឹងទុករបស់ប្រជាជន ក៏ដូចជាអាចធានាបាននូវយុត្តិធម៌ និងសមធម៌សង្គម។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវរៀបចំនូវក្របខណ្ឌគតិយុត្តគ្រប់គ្រាន់ ដើម្បីអាចទាញយកមកប្រើប្រាស់នូវហិរញ្ញប្បទានក្នុងស្រុក ដែលមានប្រភពមកពីការសន្សំក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការខ្ចីពីខាងក្រៅប្រទេស និងអាចរក្សាបាននូវតុល្យភាពរវាងការខ្ចីពីខាងក្រៅប្រទេស និងក្នុងប្រទេសផង ព្រមទាំងដើម្បីអាចរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរផង។

លោករដ្ឋមន្រ្តីស្តីទី បានលើកទឹកចិត្តដល់សិក្ខាកាម ដែលតំណាងមកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់នូវមតិយោបល់ និង ធាតុចូលបន្ថែមទៀត ដើម្បីធ្វើឱ្យការរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការវិនិយោគសាធារណៈនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានភាពជាក់ស្តែងនិយម ស្របតាមបរិការណ៍ របស់ប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការ វិនិយោគសាធារណៈក្លាយជាឧបករណ៍សេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដែលជាមូលដ្ឋានគ្រឹះចាំបាច់ សម្រាប់ការស្តារ, កសាង, និងអភិវឌ្ឍប្រទេស ហើយអាចនាំកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយបរិយាប័ន្ន នៅក្នុងរយៈពេលវែង៕