(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ហៅកាត់ គ.ប.ផ.ក ដឹកនាំដោយកម្លាំងដោយលោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមបេសកកម្មពិសេស សហការគ្នាជាមួយកម្លាំងការិយាល័យគយអន្តរជាតិភ្នំពេញ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរសំណាក់ឆ្អឹងសត្វព្រៃជាជនជាតិវៀតណាម ២នាក់ នៅអាកាសយានដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

លោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ថា ប្រតិបត្តិការនេះមានការចង្អុលបង្ហាញណែរនាំពីនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ ប ផ ក)។

ការបង្ក្រាបនេះ ជាកិច្ចសហការដ៏ល្អរវាងការិយាល័យគយអន្តរជាតិភ្នំពេញ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ក្រោយពីទទួលបានព័ត៌មានទើបក្រុមបេសកកម្មពិសេសគណៈកម្មាធិការ (គ ប ផ ក) សហការជាមួយស្ថាប័នពាក់ព័ន្ធការជួញដូរសំណាក់ឆ្អឹងសត្វដ៏កម្រជិតផុតពូជរង់ចាំអស់ជាង ២ម៉ោង ទើបឈានទៅចាប់មុខសញ្ញាជួញដូរសំណាក់ឆ្អឹងសត្វព្រៃ នៅអាកាសយានដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយដកហូតបានវត្ថុតាងសំណាកឆ្អឹងសត្វចំនួន ២៨២.៦៦Kg។

លោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា បានបញ្ជាក់ថា ក្រោយពីការចាប់យកវត្ថុតាង និងជនសង្ស័យ សមត្ថកិច្ចបានសម្រេចបញ្ជូនសំណុំរឿង ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕