(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ករណីលួចចាក់ដីលុបសមុទ្រ នៅខេត្តកោះកុង កាលពីពេលថ្មីៗនេះ គឺសម្តេចបានទទួលរបាយការណ៍ប្រតិកម្មពីគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីគុណសម្បត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានប្រមូលធាតុចូលជាច្រើន ជំរុញឱ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាទាំងនោះជាបន្ទាន់។

និយាយដល់ចំណុចនេះ សម្តេចក៏បានរំលឹកអំពីករណីចាក់ដីចូលសមុទ្រ ដែលធ្វើឡើងដោយមន្រ្តីយោធាផ្កាយ២ នៅខេត្តកោះកុង កាលពីពេលកន្លងទៅនេះ។ សម្តេចបញ្ជាក់ថា៖ «ប្រតិកម្មដែលបានមកពីគណបក្សយុវជនកម្ពុជា ទាក់ទងនឹងការលុបសមុទ្រ ឥឡូវយើងបានបញ្ជា និងផ្តល់ភាពម៉ឺងម៉ាត់ ប្រសិនបើអ្នកមិនកាយចេញទេ នឹងដកហូតស័ក្តិតែម្តង»

សម្តេចបានបន្តថា៖ «ឥឡូវនេះខ្ញុំទទួលដំណឹងថា គឺបានកាយដីទាំងនោះចេញពីសមុទ្រ និតីវិធីតុលាការជារឿងមួយផ្សេងទៀត ប៉ុន្តែឆន្ទានុសិទ្ធិនាយករដ្ឋមន្រ្តី ត្រូវតែផ្តល់ឱ្យអ្នកឯង កាយដីចេញពីសមុទ្រឱ្យអស់ ប្រសិនបើមិនកាយចេញទេ យើងមិនទុកអ្នកឯងឱ្យនៅក្នុងជួរកងទ័ព ដែលនាំទៅដល់ខូចកេរ្តិ៍ឈ្មោះកងទ័ពរបស់យើងនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តទទួលយកនូវយោបល់ពីជាតិ ដែលទោះបីជានយោបាយខុសគ្នា តែមានចំណុចដូចគ្នាគឺចង់ឱ្យជាតិយើងរីកចម្រើន ប្រសើរជាងការទទួលការបង្គាប់បញ្ជាពីខាងក្រៅ ឱ្យយើងធ្វើនេះធ្វើនោះ ដើម្បីដោះដូរនឹងជំនួយរបស់គេ៕