(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ជូនសាធារណជនថា យោងទៅតាមការចុះផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានលើកឡើងថា តើអាជ្ញាធរជាតិអប្សរាឱ្យមន្ត្រីខ្លួនដើរយកលុយតាមផ្ទះ ២,០០០ដុល្លារ ជាថ្នូរនឹងការចង់សុំច្បាប់ធ្វើផ្ទះ? ពេលច្បាប់រត់ហើយត្រូវបង់ឱ្យពួកគេថែម ១,០០០ដុល្លារទៀត។

ប្រភពហ្វេសប៊ុកខាងលើបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិវាល សង្កាត់គោកចក ត្រូវបានជន២នាក់៖ ម្នាក់ឈ្មោះ វឿង គ្រឿង និងម្នាក់ទៀតឈ្មោះ ជា ហាក់ស៊្រុន អះអាងថាខ្លួនជាមន្ត្រីអាជ្ញាធរជាតិអប្សរា ហើយបើអ្នកណាចង់ជួសជុលផ្ទះ ឬសង់ផ្ទះ ត្រូវឆ្លងកាត់រូបគេ២នាក់សិនទើបបាន ហើយឱ្យលុយគេមក គេទៅសុំថ្នាក់លើ បានមានសិទ្ធិសង់ផ្ទះ។

ជាក់ស្តែង ក្រុមគ្រួសារ១ ត្រូវបានបុគ្គលទាំង២រូបនេះ ចុះទៅលួងលោមឱ្យយកលុយជាង ២,០០០ដុល្លារ តាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ ដោយសន្យាថាតែ១សប្តាហ៍នឹងធ្លាក់លិខិតមកឱ្យសង់ ឬជួសជុលផ្ទះបាន។

ចំពោះការលើកឡើងខាងលើ អាជ្ញាធរជាតិអប្សរាបានបដិសេធ និងបំភ្លឺដូចតទៅ៖ តាមការពិនិត្យយ៉ាងល្អិតល្អន់ ជនទាំងពីររូបនេះពុំមែនជាមន្ត្រីអាជ្ញាធរជាតិអប្សរាទេ។

ម្យ៉ាងវិញទៀត តាមគោលការណ៍ច្បាប់អនុវត្តនាពេលកន្លងមក ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាអាចស្នើសុំច្បាប់ជួសជុល ឬសាងសង់សំណង់ដោយផ្ទាល់ នៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា ឬនៅច្រកចេញចូលតែមួយរបស់ក្រុង/ស្រុកមួយចំនួន ដែលមានភ្នាក់ងារអាជ្ញាធរជាតិអប្សរាប្រចាំការ និងតាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ នៃក្រុង/ស្រុកទាំង៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា ចុះពិនិត្យដោះស្រាយនៅរាល់សំណើសុំជួសជុលសំណង់ស្រាលផ្សេងៗ។

បន្ថែមពីលើនេះទៀត រាល់ការអនុញ្ញាតច្បាប់ពាក់ព័ន្ធនឹងការជួសជុល ឬសាងសង់សំណង់ ពុំមានការតម្រូវឲ្យបង់ប្រាក់នោះទេ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ អនុវត្តតាមច្បាប់ជាធរមានក្នុងការស្នើសុំជួសជុល ឬសាងសង់ ចៀសវាងការលួចធ្វើ និងជឿលើការឃោសនារបស់ជនមិនស្គាល់អត្តសញ្ញាណ។

ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការច្បាប់លើបុគ្គលទាំងពីររូបខាងលើ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយផ្តល់ព័ត៌មាន ឬសាកសួរ ដើម្បីបំភ្លឺនៅរាល់ចម្ងល់នានាមកមន្រ្តីមានសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរសព្ទ ឬប្រអប់សារ ដូចមានប្រកាសផ្សាយនៅក្នុងគេហទំព័រ http://apsarauthority.gov.kh និងហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ដើម្បីសហការគ្នាលុបបំបាត់នូវសកម្មភាពអវិជ្ជមានទាំងនេះ និងជៀសវាងការខូចខាតប្រយោជន៍នានាជាយថាហេតុ៕