(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សម្តេចសុខចិត្តទទួលមតិយោបល់ពីគណបក្សនយោបាយដែលមានមតិយោបល់ខុសៗគ្នា ប្រសើរជាងការបង្គាប់បញ្ជារបស់បរទេស។

ការមានប្រសាសន៍លើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសកម្ម និងផ្តល់ធាតុចូលជាច្រើនតាមរយៈរបាយការណ៍ជាក់ស្តែង ដើម្បីកែលំអរភាពអសកម្មទាំងឡាយ ដែលប្រសើរជាងការទទួលការបង្គាប់បញ្ជា របស់បរទេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះការប្រមូលធាតុចូល តាមរយៈរបាយការណ៍ជាក់ស្តែង របស់ប្រតិភូគណបក្សចម្រុះក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រជាជាងទទួលការបញ្ជាពីរបទេស ដែលតម្រូវ ឬដាក់គំនាប់ឱ្យកម្ពុជា ធ្វើបែបនេះ ឬបែបនោះ ដែលមិនឆ្លុះបញ្ចាំ និងលក្ខខណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា នេះជាការសម្រេចចិត្តយ៉ាងមុះមុតរបស់ខ្ញុំ ដោយឈរលើប្រជាធិបតេយ្យបែបកម្ពុជា ផ្អែកលើឯករាជ្យ អធិបតេយ្យជាតិ ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ [...] នេះជាចំណុចដែលខ្ញុំបានបញ្ជាក់ ខ្ញុំសុខចិត្តទទួលយកនូវយោបល់ នៃគណបក្សនយោបាយ ដែលមានយោបល់ខុសគ្នា មានចំណុចខុសគ្នាប្រសើរជាជាង ទទួលបទបញ្ជាពីបរទេស ឱ្យយើងធ្វើនេះ ឬធ្វើនោះ»

ពិតមែនហើយមានចំណុចខ្លះដែលដែលយើងធ្លាប់បាននិយាយ នៅក្នុងអង្គប្រជុំកន្លែងខ្លះ គឺទាក់ទិនជាមួយនឹងតួនាទីភារកិច្ច នៃតុលាការ កន្លែងខ្លះទាក់ទងតួនាទីរបស់ថ្នាក់នេះ ឬថ្នាក់នោះ ដែលត្រូវការពេលបន្ថែម ក៏ប៉ុន្តែប្រតិកម្មទាន់ពេលមួយចំនួនដែលលើកឡើង ដោយថ្នាក់ដឹកនាំ នៃគណបក្សទាំងអស់ ក៏បានបង្ហាញអំពីចំណុចដែលយើងត្រូវដោះស្រាយបន្ទាន់។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា ការចូលរួមរបស់គណបក្សនយោបាយនានារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការបង្ហាញឱ្យឃើញពីការចូលរួមពេញលេញ ក្នុងការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរួមរស់និងអភិវឌ្ឍន៍សង្គមជាតិ។

សម្តេតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ការគោរពគោលការណ៍រដ្ឋធម្មនុញ្ញមិនមែនកើតចេញពីការគូសវាសរបស់បរទេសនោះទេ គឺកើតពីឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា ការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវឈរលើគោលការគ្រឹះនៃការរក្សាបានសុខសន្តិភាព និងស្ថេរភាព។ ការរក្សាបាននូវសុខសន្តិភាព គឺត្រូវការចូលរួមពីគ្រប់គណបក្សនយោបាយដោយធ្វើនយោបាយឈរលើគោលការណ៍ឯករាជ្យ ប្រជាធិបតេយ្យ ផ្អែកលើរដ្ឋធម្មនុញ្ញ៕