(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងនូវការកោតសរសើរពីតួនាទី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានផ្តល់នូវរបាយការណ៍ចំនួនដល់សម្តេច ហើយបើសិនមិនមានរបាយការណ៍នេះទេ ប្រហែលជាសម្តេចមិនដឹងរឿងរ៉ាវទាំងនោះទេមើលទៅ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើគ្មានការរុករកពីគណបក្សនយោបាយ ដែលនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ គឺប្រហែលជាគ្មានរបាយការណ៍ មកដល់នាយករដ្ឋមន្ត្រីនោះទេ ហើយមិនមែនត្រឹមតែមកដល់ក្នុងពេលនេះទេ ៥ឆ្នាំទៀត ១០ឆ្នាំទៀត វានៅតែមិនដល់នេះ ជាចំណុចដែលបានបង្ហាញចេញរួចមកហើយ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការពេញចិត្ត ចំពោះការទទួលយកនូវផ្តល់យោបល់ទាំងឡាយ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលអាចឲ្យរាជរដ្ឋាភិបាល ធ្វើការអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនបានគិតថា គណបក្សដែលសំឡេងភាគច្រើន ឬគណបក្សដែលមានសំឡេងភាគតិច ឬក៏គណបក្សដែលធំ ឬតូច គឺគិតតែពីការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសកម្ម និងផ្តល់ធាតុចូលជាច្រើន តាមរយៈរបាយការណ៍ជាក់ស្តែង ដើម្បីកែលំអរភាពអសកម្មទាំងឡាយ ដែលប្រសើរជាងការទទួល ការបង្គាប់បញ្ជារបស់បរទេស។ សម្តេចសុខចិត្តទទួលមតិយោបល់ ពីគណបក្សនយោបាយ ដែលមានមតិយោបល់ខុសៗគ្នា ប្រសើរជាងការបង្គាប់បញ្ជារបស់បរទេស។

សម្តេចតេជោចាត់ទុកថា ការចូលរួមរបស់គណបក្សនយោបាយនានា របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការបង្ហាញឱ្យឃើញពីការចូលរួមពេញលេញ ក្នុងការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរួមរស់ និងអភិវឌ្ឍន៍សង្គមជាតិ។

ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយម និងជំនឿថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តធ្វើសកម្មភាពប្រកបដោយគុណប្រយោជន៍ សម្រាប់ចូលរួមធ្វើកំណែទម្រង់សង្គម៕