(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហើបឱ្យដឹងថា មានជនមានអំណាច និងជនទុច្ចរិតមួយចំនួន បានប្រើឥទ្ធិពលទឹកប្រាក់របស់ពួកគេរហូតដល់ទៅរាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ដូចជាសមាជិកធ្វើជាថ្នូរបិទបាំង ឬកែខៃរឿងទុច្ចរិតរបស់ពួកគេ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់មាននរណាហ៊ានប្រព្រឹត្តិទង្វើបែបនេះ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាជិកមកពីគណបក្សនយោបាយទាំងជាប់ និងមិនជាប់ឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ ចំនួន១៦គណបក្ស ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៨។ យន្តការនេះបានធ្វើឱ្យគណបក្សនយោបាយមិនជាប់ឆ្នោត បានចូលរួមបំពេញការងារក្នុងសង្គមបម្រើដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្រោយបង្កើតឡើងជាធរមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពជាច្រើនក្នុងការស្វែងរកនូវរឿងរ៉ាវអយុត្តិធម៌ និងសកម្មភាពទុច្ចរិតនៅក្នុងសង្គម។

ដោយសារតែមានដាវអាជ្ញាសឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឱ្យរាយការណ៍ដោយផ្ទាល់នូវរឿងរ៉ាវអសកម្ម រឿងរ៉ាវអយុត្តិធម៌ និងរឿងរ៉ាវទុច្ចរិតក្នុងសង្គមនោះ មានរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គមពាក់ព័ន្ធអ្នកមានអំណាច អ្នកមានឥទ្ធិពលជាច្រើនករណីត្រូវបានបំបែកតាមរយៈឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់។

លោក ឈឹម ផលវរុណ បានថ្លែងប្រាប់អ្នកព័ត៌មានក្រោយពេលបិទបញ្ចប់សន្និបាតបូកសរុបការងាររបស់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា មានជនទុច្ចរិតមួយចំនួន បានប្រើអំណាចលុយរបស់ពួកគេ ដើម្បីស្វះស្វែងរកការអន្តរាគមន៍របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឬសមាជិកឱ្យបិទបាំង ឬ កែខៃរឿងទុច្ចរិតរបស់ពួកគេ។

លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «មិនអត់ទេជនមានអំណាច ជនដែលប្រើលុយទុច្ចរិត គេមិនខ្លាចបង់លុយទិញប្រតិភូគណបក្ស ឬមន្ត្រីលេខាធិការដ្ឋាន ដែលយើងទាំងអស់គ្នាចាត់ទុកជាអំពើ។ បើយើងហ៊ានតែយក គឺយើងត្រូវអំពើគេហើយ»

លោកបានបន្ថែមទៀតថា «មិនអត់ទេ អ្នកមានលុយហ៊ានសូក។ ខ្ញុំនិយាយមែនទែន មិនមែនរាប់សិបម៉ឺនទេ ដើម្បីបង្កករឿងហ្នឹង ដើម្បីផ្អាករឿងហ្នឹង ឬដើម្បីឱ្យកែច្នៃរឿងហ្នឹង។ ប៉ុន្តែមកដល់ថ្ងៃនេះជាមោទនភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពុំទាន់មាននរណាត្រូវអំពើរបស់គេទេ»

ឆ្លើយតបនឹងសំណួរថា តើទៅថ្ងៃមុខឧត្តមក្រុមប្រឹក្សាអាចនឹងទទួលយកលុយជនទុច្ចរិត ដើម្បីបិទបាំងទង្វើទុច្ចរិត រឿងអយុត្តិធម៌ក្នុងសង្គមដែរឬយ៉ាងណានោះ? លោក ឈឹម ផលវរុណ បានគូសបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាជិកមកពីគណបក្សនយោបាយរហូតដល់ទៅ១៦គណបក្ស ដូច្នេះមិនអាចមានការប្រព្រឹត្តទង្វើទទួលលុយ ដើម្បីបិទបាំងរឿងអយុត្តិធម៌ ឬរឿងទុច្ចរិតបាននោះឡើយ។

លោក ឈឹម ផលវរុណ ក៏បានឱ្យដឹងផងដែរថា ព្រោះតែការពារនូវភាពត្រឹមត្រូវ និងភាពស្អាតស្អំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ រាល់ពេលចុះបំពេញបេសកកម្មការងាររបស់ខ្លួននាពេលកន្លងទៅ សូម្បីតែមន្ត្រី ឬប្រជាពលរដ្ឋដែលមានក្តីក្តាំអញ្ជើញហូបបាយ ក៏សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រកែកដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា ក្នុងរយៈពេល១៦ខែនៃបេសកកម្មរបស់ខ្លួន បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។

សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញបិទសន្និបាតរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងការធ្វើកំណែទម្រង់សង្គម ព្រមទាំងរកការពិតលើរឿងរ៉ាវមិនប្រក្រតីក្នុងសង្គម។ សម្តេចតេជោ បានធ្វើការកត់សម្គាល់ថា រឿងរ៉ាវខ្លះបើគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេនោះ របាយការណ៍នឹងមិនធ្លាក់ដល់ដៃសម្តេចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងអស់ បន្តប្រឹងប្រែងធ្វើសកម្មភាព ដើម្បីចូលរួមកែលំអរសង្គម លុបបំបាត់ទង្វើទុច្ចរិត និងភាពអសកម្មទាំងឡាយ៕