(រតនគិរី)៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

អ្នកគ្រប់គ្រងទូទៅក្នុងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់រោងចក្រនេះ អស់ទឹកប្រាក់ចំនួនជាង៣០លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហិកតា ហើយបានសម្ភោធដាក់ឲ្យដំណើរការសកម្មភាព នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រមានសមត្ថភាពផលិតម្សៅមី បានចំនួន៣០០តោន/ថ្ងៃ ត្រូវការដំឡូងស្រស់ប្រមាណ ១២០០តោន។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្ម នៅមូលដ្ឋាននេះផ្ទាល់ បានចំនួន៦០នាក់។

អ្នកគ្រប់គ្រងដដែលបញ្ជាក់ថា ផលដំឡូងស្រស់ទាំងអស់ត្រូវបាន ប្រមូលទិញពីប្រជាកសិករ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តង ក្នុងតម្លៃ៣៥០រៀល/គីឡូក្រាម ដែលត្រូវការទុនប្រមូលទិញ១២០០តោន គុណនឹង៣៥០រៀល/គីឡូក្រាមស្មើនង៤២០លានរៀល/ថ្ងៃ។ បច្ចុប្បន្នទីផ្សារម្សៅមីធំ គឺឥណ្ឌា៤៨០ ដុល្លារ/តោន និងចិន៤០០ដុល្លារ/តោន។

លោកស្រី ជា តូច បានជម្រាបលោករដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួន ដល់ដំណើរការប្រមូលទិញគឺទុន ដែលត្រូវការក្នុងមួយថ្ងៃជាង៤២០លានរៀលប្រាក់សុទ្ធក្នុងមួយថ្ងៃ និងជា ពិសេសនៅរដូវប្រមូលផល។ ដោយឡែកការនាំចេញមានការជួបប្រទះ នឹងបញ្ហាប្រឈមមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ និងចំណាយលើសេវាក្រៅផ្លូវការចំនួន ៤០ដុល្លារក្នុងតោន ហើយអគ្គិសនីនៅមានតម្លៃខ្ពស់នៅឡើយ។ ដូច្នេះតាមរយ:លោករដ្ឋមន្ត្រី លោកស្រីបានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ និងស្នើសុំឲ្យធនាគារអភិវឌ្ឍន៍ជនបទ ឬធនាគារ SME ជួយផ្តល់ប្រាក់កម្ចីធ្វើជាទុនសម្រាប់ប្រមូលទិញដំឡូងមី ដើម្បីរក្សាអាជីវកម្មឲ្យមាននិរន្តរភាព និងជួយពិនិត្យតម្លៃអគ្គិសនី សម្រាប់អាជីវកម្មកៃច្នៃកសិផល។

បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្ម ក្នុងរោងចក្ររួចមក លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ដើម្បីបង្កើតរោងចក្រកែច្នៃដំឡូងមីដ៏ធំមួយនេះ ដែលជាប្រយោជន៍ស្រូបយកវត្ថុធាតុដើម ក្នុងស្រុកធ្វើការកែច្នៃ បង្កើនតម្លៃបន្ថែម ជួយរកទីផ្សារដំឡូងមី និងបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

រាល់បញ្ហាដែលលោកស្រី ជា តូច បានលើកឡើង ចំពោះវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានណែនាំឲ្យ នាយកដ្ឋានកសិឧស្សាហកម្ម ចុះមកណែនាំប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា អគ្គនាយកដ្ឋានកសិកម្ម ត្រូវសិក្សាស្រាវជ្រាវអំពីពូជដំឡូងមីធន់ជំងឺ និងគ្មានជំងឺដែលអាចផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋដាំ ទទួលបានទិន្នផលខ្ពស់ សិក្សាស្រាជ្រាវដាំដំណាំឆ្លាស់ ដើម្បីកែលម្អគុណភាពដីសម្រាប់ដំណាំដំឡូងមី។ ដោយឡែក បញ្ហាដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់ ក្រសួង លោករដ្ឋមន្ត្រីថា នឹងធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យពិចារណាដោះស្រាយជូនជាបន្តបន្ទាប់៕