(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute មានរយៈពេល៨សប្តាហ៍ ដែលរៀបចំឡើងដោយមានការសហការណ៍គ្នារវាងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងក្រុមហ៊ុនសាមសុងអេឡិចត្រូនិចកម្ពុជា លើមុខជំនាញជួសជុល ទូរស័ព្ទដៃទំនើបថ្មីៗ និងបរិក្ខារអេឡិចត្រូនិច សាមសុង ដែលក្នុងនោះមានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់ នៅពេលនេះបានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី២៧ ខែធ្នឆ្នាំ២០១៩។

លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជាបានថ្លែងថា គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះ ធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅកម្ពុជា ដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់សិស្សអំពីទ្រឹស្តី និងការអនុវត្តជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗ ដែលត្រូវបានប្រើប្រាស់ជុំវិញពិភពលោក។

លោកបានបន្តថា "នៅសាមសុងយើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួម អភិវឌ្ឃសង្គមសម្រាប់ភាពរីកចម្រើនក្នុងសហគមន៍។យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេ ដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ"។

ដោយឡែកក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានកោតសរសើរ និងរីករាយក្រៃលែងយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា នៅកម្ពុជា។

លោកបានថ្លែងថា "តាំងនាមឱ្យវិទ្យាសា្ថនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះឡើងដើម្បីឲ្យសិក្ខាកាមទាំងអស់បានដឹង ពីភាពជឿនលឿននៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលយើងនឹកស្មានមិនដល់។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់វគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែប្រសើរ ក៏ដូចជាចូលរួចជួយសង្គម៖។

ទន្ទឹមនឹងនោះ កញ្ញាប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថាគាត់ស្រឡាញ់វិស័យអេឡិចត្រូនិច និងមានបំណងចង់បើកមុខរបរផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។

សិស្សវ័យ ២១ឆ្នាំរូបនេះបានថ្លែងថា ខ្លូនមានបំណងចង់ចូលរៀនវគ្គនេះយូរណាស់មកហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្លួនបន្ថែមទៀត និងជួយឲ្យរូបគេងាយស្រួលក្នុងការបំពេញក្ដីស្រម៉ៃហើយប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីបើកកន្លែងជុសជុលគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ។

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺពិតជាមានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សមត្ថភាពដល់សិក្ខាកាមជំនាន់ក្រោយឱ្យមានជំនាញ ចំណេះដឹង និងទេពកោសល្យ ក៏ដូចជាពង្រីកនូវឱកាសការងារឱ្យមានភាពកាន់តែទូលំទូលាយជូនដល់សិស្សនិស្សិតកម្ពុជាផងដែរ៕