(កំពង់ស្ពឺ)៖ សម្ភារហ្វឹកហ្វឺន, សម្ភារហ្វឹកហ្វឺនបច្ចេកទេសប្រយុទ្ធថ្មើរជើង, គ្រាប់បែកដៃសម្រាប់ហ្វឹកហាត់, ប៉ែលថ្មើរជើងចំនួន៥០០ប៉ែល, ផ្ទាំងគំនូរ, កាំភ្លើងថ្មើរជើង, ផ្ទាំងគំនូរគ្រាប់បែកដៃស៊ីបថែបចំនួន ៥០សន្លឹក និងគ្រាប់បែកដៃកាត់ពុះ ជាជំនួយរបស់យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ត្រូវបានធ្វើការប្រគល់ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក។

ពិធីប្រគល់សម្ភារនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនកងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង មេបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង និងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ ឈុន ឆេង បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានសំដែងការស្វាគមន៍ និងថ្លែងអំណរអរគុណ ចំពោះកាយវិការពីភាគីមិត្តយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលតែងតែបានយកចិត្តទុក្ខដាក់ ក្នុងការជួយទំនុកបម្រុង តាមរយៈការផ្តល់នូវសម្ភារហ្វឹកហ្វឺន និងថវិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាពេលនេះ ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការគិតគូរ ពីសុខទុក្ខនឹងការខ្វះខាតរបស់កងយោធពលខេមរភូមិន្ទ ពិសេសមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ បានបន្ថែមទៀតថា កន្លងមកយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានជួយដល់មជ្ឈមណ្ឌលដូចជា កសាងរបងព័ទ្ធជុំវិញ បន្ទាយមណ្ឌលហ្វឹកហ្វឺនប្រវែង ៦៧៥ម៉ែត្រ និងជាក់ស្តែងបានផ្តល់សម្ភារហ្វឹកហ្វឺនដែលទាំងនេះ គឺជាការផ្ដល់គ្រប់លទ្ធភាព ដល់កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទបានល្អប្រសើរ។

ឧត្តមសេនីយ៍ឯក អួន សារឿន បានថ្លែងថា ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក បានសំដែងការស្វាគមន៍ ចំពោះលោកឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង និងគណៈប្រតិភូយោធភូមិភាគទី៧ វៀតណាម ពេលនេះ និងបានចាត់ទុកការ ផ្តល់សម្ភារហ្វឹកហ្វឺនរបស់យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ឱ្យដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ថាជាពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការរបស់កងទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងភារកិច្ចចំពោះមុខ និងការបណ្តុះបណ្តាល ធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ឯក អួន សារឿន ក៏បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មានតួនាទីជាសេនាធិការ ឱ្យកងទ័ពជើងគោក និងមានភារកិច្ចបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ មកពីគ្រប់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង ក្នុងនាមយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានឱ្យដឹងថា ការនាំយកសម្ភារហ្វឹកហ្វឺនមក ប្រគល់ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាពេលនេះ ដើម្បីឱ្យមជ្ឈមណ្ឌលមានលទ្ធភាព ក្នុងការប្រើប្រាស់បម្រើឱ្យការហ្វឹកហាត់ ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឈានទៅបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព និងមានវិជ្ជាជីវៈ។

ឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង ក៏បានកោតសរសើរដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានធ្វើការអភិវឌ្ឍអង្គភាពខ្លួន មានការរីកចម្រើនគួរឱ្យគត់សម្គាល់។ លោកក៏បានឯកភាពទៅនឹងការលើកឡើងរបស់មេបញ្ជាការកងទ័ពជើងគោកថា កងទ័ពខ្លាំង គឺផ្តើមចេញពីកត្តា សាលា ឯកសារ ធនធានមនុស្ស និងការប្តេជ្ញាចិត្ត ហើយក៏ជាការឆ្លើយតបទៅនឹងសំណើរសុំរបស់មជ្ឈមណ្ឌល ផងដែរ។

ចំពោះការស្នើរការសុំរបស់កងទ័ពជើងគោក ក្នុងការជួយបណ្តុះបណ្តាលប្រព័ន្ធគ្រូ ឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង បានស្នើរឱ្យភាគីជើងគោក ធ្វើរបាយការណ៍ និងឯកសារជាក់លាក់ ដើម្បីយោធភូមិភាគបញ្ជូនសំណើរទៅក្រសួងការពារជាតិវៀតណាម ដើម្បីសម្រេច។

នៅក្នុងឱកាសនោះដែរភាគីយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក៏បានបន្តជួយសាងសង់បង្ហើយរបងព័ទ្ធជុំវិញ បន្ទាយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ដែលនៅសេសសល់ប្រវែង ៤២៥ម៉ែត្រ និងជួយសាងសង់ក្លោងទ្វារចូលមជ្ឈមណ្ឌលចំនួន ០២ក្លោងទ្វារ ផងដែរ៕