(កណ្តាល)៖ លោក ប៉ោ សេង ម្ចាស់វិនិយោគផ្សារគគីរ និងអាជ្ញាធរស្រុកកៀនស្វាយ ដឹកនាំដោយលោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ បានចុះវាស់វែងគម្រោងផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកជាច្រើនខ្សែ នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។

ការចុះវាស់វែងគម្រោងផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកក្នុងផ្សារគគីរនេះ ធ្វើឡើងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

លោក ប៉ោ សេង ទីប្រឹក្សាលោក ស៊ីម កា អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុនវិនិយោគផ្សារគគីរស្រុកកៀនស្វាយ បានថ្លែងថា ដោយយោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនមានគម្រោងស្ថាបនាផ្លូវបេតុង តាមបណ្តោយចូលក្នុងផ្សារចំនួន ២ខ្សែ មានប្រវែងសរុប ២៥៥ម៉ែត្រ ទទឹង ៤ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹកប្រវែង ២៥៥ម៉ែត្រដូចគ្នា។

ចំណែកផ្លូវកាត់ទទឹងក្នុងផ្សារជាច្រើនខ្សែទៀត ក្រុមហ៊ុនក៏មានគម្រោងស្ថាបនាចាក់បេតុងទទឹង ២ម៉ែត្រ បណ្តោយសរុប ៤៥២ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹកប្រវែង ២៥៥ម៉ែត្រថែមទៀត។ ក្រៅពីផ្លូវបេតុង និងប្រព័ន្ធលូ ក្រុមហ៊ុនមានគម្រោងធ្វើដំបូលគ្របពីលើផ្លូវបេតុង ដែលគម្រោងនេះ ធ្វើអំពីដែកប្រក់ស័ង្កសី ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលទិញទំនិញ ក្នុងផ្សារបានជ្រកភ្លប់និងភ្លៀងទទឹក។

ក្នុងសកម្មភាពវាស់វែងនេះ មានអាជីវករមួយចំនួនតិចតួច ដែលដាក់លក់ទំនិញលើផ្លូវក្នុងផ្សារបានធ្វើការតវ៉ាផងដែរ ដែលការតវ៉ានោះត្រូវបានអាជីវករភាគច្រើន ស្នើសុំឲ្យអាជ្ញាធរ និងគណៈកម្មការផ្សារអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ដើម្បីស្ថាបនាគម្រោងនេះទទួលបានជោគជ័យ។

ដោយមើលឃើញថា ការចុះវាស់វែងគម្រោងផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកក្នុងផ្សារគគីរ មានការតវ៉ាពីសំណាក់អាជីវករមួយចំនួន ដែលដាក់លក់ទំនិញលើផ្លូវក្នុងផ្សារនេះលោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ ក្នុងនាមអាជ្ញាធរស្រុក បានអំពាវដល់អាជីវករមេត្តាចូលរួមសហការ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពផ្សាររបស់យើងឲ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ឆ្នាំ២០២០នេះ។

លោក ពៅ គឹមលី បានបន្តទៀតថា ការស្ថាបនាផ្លូវបេតុងនេះ គឺធ្វើឡើងដើម្បីបើកផ្លូវឲ្យទូលាយងាយស្រួលប្រជាពលរដ្ឋ ដែលចូលទៅទំនិញក្នុងផ្សារ។

ជាពិសេសគម្រោងបើកផ្លូវបេតុងទទឹង ៤ម៉ែត្រ សង្ខាងផ្សារនេះ គឺដើម្បីឲ្យរថយន្តចូលដឹកសំរាម និងដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលទៅពន្លត់អគ្គិភ័យបាន ពីព្រោះបច្ចុប្បន្ននេះ ផ្លូវចូលផ្សារមានការរួមតូច ដែលមិនអាចរថយន្តដឹកសំរាម និងរថយន្តពន្លត់អគ្គីភ័យធ្វើចរាចរណ៍ឆ្លងកាត់បាន។

លោក ពៅ គឹមលី បានបញ្ជាក់ថា គម្រោងទាំងអស់នេះ គឺជាគម្រោងថវិការបស់គណៈកម្មការផ្សារ ដោយមានការឯកភាពពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល៕