(ភ្នំពេញ)៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ នាពេលថ្មីៗនេះ បានរៀបចំការប្រកួត Math Warriors ដែលជាការប្រកួតល្បែងគណិតវិទ្យា។

កម្មវិធី Math Warriors នេះបានបង្កើតនៅឆ្នាំ ២០០៤ ដោយ Dr.Henry Ung មកពីប្រទេសសិង្ហបុរី ដែលជាការប្រកួតល្បែងគណិតវិទ្យាទល់មុខគ្នារ វាងភាគីទាំងសងខាង។

កម្មវិធីនេះ បានបង្កើតឡើងដើម្បីឱ្យសិស្សមានភាពឈ្លាសវៃ និង មានភាពរហ័សរហួន ក្នុងការយកឈ្នះភាគីម្ខាងទៀត។ ក្នុងនោះផងដែរ កម្មវិធីនេះក៏បានជួយពង្រឹងចំណេះដឹងផ្នែកគណិតវិទ្យា និងការគិតលេខរហ័ស ដល់សិស្សានុសិស្ស និងអាចឲ្យពួកគេមានឱកាស ក្លាយជាសិស្សឆ្នើមក្នុងមុខវិជ្ជាគណិតវិទ្យា ប្រចាំសាលាថែមទៀតផង។

រៀបចំការប្រកួត Math Warriors ត្រូវបានប្រព្រឹត្តទៅដោយចែកជា៣កម្មវីធីធំៗ។

កម្មវីធីទី១៖ ការប្រកួតថ្នាក់រាជធានី ដែលប្រព្រឹត្តទៅនាពេលព្រឹក។ ចាប់ពីម៉ោង៨៖០០ដល់ម៉ោង៩៖០០នាទីព្រឹក ជាការប្រកួតរវាងថ្នាក់ទី២, ៣, ៤, ៥, ១០, ១១ និងម៉ោង៩៖១៥ដល់១០៖១៥នាទីព្រឹកជាប្រកួតរវាងថ្នាក់ទី៦, ៧, ៨, ៩។

កម្មវិធីទី២៖ ការប្រកួតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនាពេលរសៀល។ នាវេលាម៉ោង១៖០០ដល់ម៉ោង១៖៣០នាទីរសៀល ជាការប្រជុំបើកកម្មវិធីនៅសាលប្រជុំតូច។ ចាប់ពីម៉ោង២៖០០ដល់៣៖០០នាទី ការប្រកួតត្រូវបានចាប់ផ្ដើម។

ឈានចូលមកដល់កម្មវិធីទី៣៖ ដែលជាកម្មវិធីប្រគល់ពានរង្វាន់ ដល់បេក្ខជនជ័យលាភី។ បេក្ខជនដែលចូលរួមប្រកួតរួមមាន២៧១នាក់ មកពីសាលាចំនួន៣១មានសាលារដ្ឋ និងសាលាឯកជន។

នាពេលព្រឹក ការប្រកួតថ្នាក់រាជធានី បេក្ខជនដែលទទួលបានមេដាយ សរុប៣០នាក់ ក្នុងនោះមានមេដាយមាស១០នាក់ មេដាយប្រាក់១០នាក់ និងមេដាយសំរិទ្ធ១០នាក់។ នាពេលរសៀល បេក្ខជនដែលទទួលបានមេដាយ សរុប៣០នាក់ ក្នុងនោះមានមេដាយមាស១០នាក់ មេដាយប្រាក់១០នាក់ និងមេដាយសំរិទ្ធ១០នាក់។

កម្មវិធី Math Warriors នេះជាចំណែកមួយជួយដល់កុលបុត្រកុលធីតាខ្មែរទាំងអស់ ឱ្យមានសមត្ថភាពខ្លាំង លើផ្នែកគណិតវិទ្យា។ នេះជាមោទនភាពមួយ ដែលសាសារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលរៀបចំការប្រកួត គណិតវិទ្យាលក្ខណៈអន្តរជាតិបែបនេះ។

តំណាងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានបញ្ជាក់ថា សាលាជឿជាក់យ៉ាងមុតមាំថា អាណាព្យាបាលទាំងអស់ នឹងចាប់អារម្មណ៍លើការប្រកួ្រតប្រជែងនេះ ព្រមទាំងជួយជំរុញកូនៗរបស់ខ្លួន ឱ្យសិក្សាបន្ថែមលើមុខវិជ្ជាគណិតវិទ្យា និង ការគិតបែបរហ័ស ដើម្បីបណ្ដុះសមត្ថភាពរបស់គាត់ ឱ្យប្រសើរឡើងថែមមួយកម្រិតទៀត។ យើងទាំងអស់គ្នាពិតជាចង់ឃើញកូនខ្មែរ មានសមត្ថភាពផ្នែកគណិតវិទ្យាយ៉ាងខ្លាំង និងចូលរួមកោតសរសើរ ទៅដល់បេក្ខជនទាំងអស់ ដែលបានបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីយកឈ្នះការប្រកួតប្រជែងមួយនេះ។ យើងសង្ឃឹមថាការប្រកួតប្រជែងបែបនេះ នឹងបន្តកើតមានឡើងរៀងរាល់ឆ្នាំ»៕