(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក គាង សេង ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ។

សូមបញ្ជាក់ថា លោក​ឧក​ញ៉ា​បណ្ឌិត​ គាង សេង ជាស្ថាប​និក​មជ្ឈ​មណ្ឌល​បង្កើន​ផា​សុក​ភាព​នៅ​កម្ពុជា​ និងជា​​ប្រធាន​​ស្ថាប​និក​​ផា​សុក​​ភាព​​នៅ​​កម្ពុជា​ ព្រម​ទាំង​​ជា​​អគ្គ​នាយក​ ក្រុម​ហ៊ុន​ គាង សេង ស៊ីមន អ៉ិន​ធើ​ណេ​សិន​ណល ក្រុមហ៊ុន «ទឹកញទេព»។

លោក​ឧក​ញ៉ា​បណ្ឌិត គាង សេង កើត​ថ្ងៃ​ពុធ ១១​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស ២៥១៦ នៅ​ភូមិ​វត្ត​កណ្តាល​ ឃុំ​ស្វាយ​ប៉ោរ​ ស្រុក​សង្កែ​​ ខេត្ត​បាត់​ដំបង។ លោក​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​១៩៩៥ ជា​មួយ​កញ្ញា​ ទុយ​ ស៊ីមន កើត​ថ្ងៃ​អង្គារ ០៦រោច ខែ​កត្តិក ឆ្នាំមមី សំរិទ្ធិស័ក ព.ស ២៥២២ កើតនៅភូមិម៉រ ឃុំមេទឹក ស្រុកបាកាន​ ខេត្តពោធិសាត់។

រហូតដល់ពេលបច្ចុប្បន្ន លោកមានបុត្រា ០៤នាក់ និងបុត្រី០១នាក់។ លោកឧកញ៉ា ​បាន​បញ្ចប់កាសិក្សាមធ្យមសិក្សាបត្រភាគពីរ នៅឆ្នាំ១៩៩០ នៅស្រុកកំណើតឯខេត្តបាត់ដំបង។

នៅឆ្នាំ១៩៩១ លោកបានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសកសិកម្មចំការដូង (បច្ចុប្បន្នជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម) ផ្នែកជលផល ជំនាន់ទី៧ នៅភ្នំពេញ។ បន្ទាប់ពីចប់បរិញ្ញាបត្រមក លោកគ្មានឱកាសវិលទៅស្រុកំណើតវិញទេ ព្រោះលោកមានបំណងចង់បន្តកាសិក្សារហូតដល់ថ្នាក់បណ្ឌិតដូចការប្តេជ្ញាចិត្តរបស់លោក។ ដើម្បីបានបន្តការ​សិក្សា នៅឆ្នាំ១៩៩៦ ក្រោយពីចប់បរិញ្ញាបត្រ លោកបានចូលបម្រើការងារនៅនាយកដ្ឋានជលផល (បច្ចុប្បន្ន រដ្ឋបាលជលផល) ជាមួយកម្មវិធីវារីវប្បកម្មរបស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ីនៅកម្ពុជា។

នៅឆ្នាំ២០០០ ដូចការ​គ្រោង​ទុក លោកត្រូវបានស្ថាបននេះ បញ្ជូនឲ្យទៅបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ២០០២ លោកបានបន្តការងារនៅកន្លែងចាស់ និងបានបំពេញការងារជាច្រើនទៀតជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិរហូតដល់ឆ្នាំ២០១០ ក្រោមកា​រ​ចង្អុល​បង្ហាញ ពីលោកសាស្ត្រាចារ្យបណ្ឌិត P.I Peter-ស្ថាបនិកផាសុកភាពពិភពលោក ទើបលោក​សម្រេច​ចិត្តផ្លាស់ប្តូរ​ការ​ងារ​ជាអ្នកជំនួញ ដែលមានភក្តីភាពជាមួយការបង្កើនផាសុកភាពដល់មនុស្សជាតិ។

ជាមួយនឹងការធ្វើជំនួញ​នេះ លោកក៏មិនភ្លេចបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិត (បណ្ឌិតផាសុកភាព)​ នៅឆ្នាំ២០១១ នៅកូឡំបូ ផង​ដែរ។ មិនត្រឹមតែរៀនសូត្រផ្នែកជំនាញវិទ្យាសាស្រ្ត និងសុខភាពទេ លោកឧកញ៉ាបណ្ឌិត គាង សេង បានសិក្សាអំពីតួនាទី និងក្រមសីលធម៌អាចារ្យខ្មែរបន្ថែមទៀត​ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ខ្មែរថែមទៀតផង។

តាំងពីឆ្នាំ២០១០រហូតដល់ពេលនេះ លោកទទួលបាននូវការប្រោសប្រទានងាជាឧកញ៉ា និងជាគ្រឿងឥស្ស​រិយ​យសនៃព្រះ​រាជា​ណា​ចក្រកម្ពុជា សំខាន់ៗ​ជាច្រើន រហូតដល់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ និង ជាតូប​ការ ក្នុងឆ្នាំ២០១៥ និង២០១៦៕