(ភ្នំពេញ)៖ រយៈពេល៨៧៦០ម៉ោង នៃឆ្នាំ២០១៩ បានរសាត់ផុតទៅទៀតហើយ ហើយកាលវេលាថ្មីនៃឆ្នាំ២០២០ ក៏បានចូលមកដល់។ រយៈពេលពេញមួយឆ្នាំ២០១៩ ដែលជាឆ្នាំចាស់នេះ ប្រាកដណាស់រឿងរ៉ាវជីវិតគ្រប់រសជាតិទាំងផ្អែម ប្រៃ ល្វីង ជូរចត់ សប្បាយរីករាយ ទុក្ខសោក សុទ្ធតែបានចូលមកប្រលែងលេងក្នុងជីវិតមនុស្សគ្រប់រូប ទៅតាមកត្តាកំណត់របស់ធម្មជាតិនៃជីវិតក្នុងវាលវដ្តសង្សារនេះ។

រយៈពេល៣៦៥ថ្ងៃនៃឆ្នាំ២០១៩ មើលទៅហាក់យូរអើយសែនយូរ សម្រាប់អ្នកអង្គុយទន្ទឹងរង់ចាំពេលវេលា និងចំពោះអ្នកជួបរឿងរ៉ាវមិនល្អៗទាំងឡាយ ដែលចង់ឱ្យរឿងរ៉ាវមិនល្អទាំងនោះកន្លងផុតទៅតាមពេលវេលានោះ។ ពេលវេលានេះ វាហាក់មានល្បឿនលឿនលយទៅវិញ នៅពេលយើងប្រឹងធ្វើអ្វីមួយប្រជែងជាមួយវា ឬកំពុងជាប់ចិត្តជាមួយជីវិត និងសកម្មភាពដ៏រីករាយ និងពេញចិត្តណាមួយនោះ។

ឆ្នាំ២០១៩ ក៏ដូចទៅនឹងឆ្នាំកន្លងទៅដែរ រាប់ពីប្រជាកសិករ ពាណិជ្ជករ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រហូតដល់ប្រមុខដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ រួមនិងអ្នកនយោផងដែរ សុទ្ធតែបានមមាញឹកនៅក្នុងតួនាទីភារកិច្ច ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត។ អ្វីៗមិនមែនសុទ្ធតែសមប្រកបតាមចិត្តប៉ងប្រាថ្នាឡើយ ពោលរឿងល្អ និងមិនល្អ បានកើតឡើងលាយឡំជាមួយគ្នា។ ដូច្នេះទោះបីមានការប្រឹងប្រែង គិតគូរ និងបានរៀបចំផែនការជីវិតយ៉ាងច្បាស់លាស់យ៉ាងណាក្តី តែនៅតែមានរឿងរ៉ាវខ្លះមិនបានសមប្រកបតាមអ្វីដែលប៉ងប្រាថ្នានោះឡើយ។

ពេញមួយឆ្នាំ២០១៩នេះ គ្រួសារខ្មែរខ្លះ ក៏បានជួបរឿងសប្បាយរីករាយ សុភមង្គលជាមួយភាពជោគជ័យ ក្នុងជីវិតក៏ដូចជា ការងារ និងការសិក្សា។ តែក៏មានគ្រួសារខ្លះទៀត ប្រហែលមិនបានជួបរឿងល្អ ដែលជាភាពសប្បាយរីករាយដូចខ្លួនប៉ងប្រថ្នានោះដែរ ពោលគឺត្រូវញ៉ាំញីដោយរឿងរ៉ាវមិនល្អជាច្រើន ដូចខ្សែអំបោះជំពាក់មុខស្រាយមិនចេញ។ តែណ្ហើយចុះសូមឱ្យរឿងរ៉ាវមិនល្អទាំងឡាយ បានរសាត់បាត់ទៅតាមពេលវេលាកន្លងផុតទៅនេះ ហើយសូមរឿងល្អៗចូលមកជំនួសនៅក្នុងឆ្នាំថ្មី។

ក្រឡេកមកអង្គភាពព័ត៌មាន Fresh News វិញ ក៏បានហែលឆ្លងនូវរឿងរ៉ាវជាច្រើន លើសមរភូមិព័ត៌មានដែលពោរពេញដោយការប្រកួតប្រជែងក្នុង យុគ្គសម័យបច្ចេកវិទ្យាទំនើប។ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្តមូលគំនិតពួតដៃជាកម្លាំងពោរពេញដោយពលានុភាព ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា និងអន្តរជាតិ ចែកជូនប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង។

ការរួមគ្នាជាកម្លាំងដ៏មុតស្រួច បានធ្វើឱ្យ Fresh News ក្លាយជាអង្គភាពព័ត៌មានឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មាន ទាន់ហេតុការណ៍ តាមបច្ចេកវិទ្យាទំនើប បាញ់បញ្ជូនព័ត៌មានទៅលើទូរស័ព្ទ Smart Phone, ទូរទស្សន៍ខ្សែកាប និងផ្កាយរណបគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញផ្សព្វផ្សាយជាច្រើនផ្សេងទៀត ដូចជា វិទ្យុ គេហទំព័រ ទាំងភាសាខ្មែរ អង់គ្លេស ចិន បណ្តាញសង្គម Facebook និង YouTube។ បណ្តាញផ្សព្វផ្សាយទាំងនេះរបស់អង្គភាពព័ត៌មាន Fresh News មានមិត្តអ្នកទស្សនា អ្នកអានរាប់លាននាក់។

មកដល់ឆ្នាំ២០២០ អង្គភាពព័ត៌មាន Fresh News មានអាយុជាង៥ឆ្នាំហើយ (១៥-ឧសភា-២០១៤) ជាមួយការទទួលបានការគាំទ្រខ្លាំង និងឈានមុខគេមួយនៅកម្ពុជា។ សមិទ្ធផលដែលកើតមាននេះ មិនមែនកើតឡើងដោយឥតព្រាងទុកឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និង ចក្ខុវិស័យមួយប្រកបភាពប្រាកដនិយមខ្ពស់បំផុត។

ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែកជាង១០០នាក់ ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច ដោយចាត់ទុកការងារជាចំណីអាហារដ៏ឆ្ងាញ់ ហើយស្រេកឃ្លានគ្រប់ពេលវេលា។

ខ្ញុំសង្ឃឹមថា បើទោះឆ្នាំចាស់ផ្លាស់ផុតទៅ ជំនួសដោយឆ្នាំថ្មីយ៉ាងណាក្តី តែទឹកចិត្តដ៏មោះមុតរបស់បុគ្គលិកទាំងអស់ និងមិនប្រែថ្មីនោះឡើយនៅតែបន្តរក្សាប្រមូលគ្នាជាកម្លាំងរួមតែមួយ ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ គឺកសាងអង្គភាពព័ត៌មានដែលជាទ្រនំដ៏សុខសាន្តមួយនេះ ឱ្យកាន់តែល្បាញល្បីថែមទៀតទាំងនៅកម្ពុជា និងឆាកអន្តរជាតិ។

ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាពព័ត៌មាន Fresh News តាំងពីដើមរៀងមកពេលនេះ។ ជាពិសេសបំផុតម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ការផ្សព្វផ្សាយទាំងនេះ គឺជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឱ្យអង្គភាពព័ត៌មាន Fresh News អាចឈរជើងលើសមរភូមិ នៃការផ្តល់ព័ត៌មានប្រកបដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០២០ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការ នៅក្នុងជីវិត។ សូមឱ្យបានទទួលជោគជ័យគ្រប់ការងារ ភារកិច្ច និង របរអាជីវកម្ម៕

លឹម ជាវុត្ថា, នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News