(ភ្នំពេញ)៖ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំសកលនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News សូមនាំមកជូននូវចម្រៀងមួយបទ ដែលមានចំណងជើងថា «បុប្ផាមករា» ដើម្បីស្តាប់កម្សាន្តលំហែអារម្មណ៍នាថ្ងៃសម្រាកនេះ។

«បុប្ផាមករា» និពន្ធទំនុកច្រៀងដោយលោក ទូច លាង, បទភ្លេង សម្រួលតន្ត្រី និងប្រគំដោយលោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងច្រៀងដោយតារាសំឡេងក្រអួនលោក ជិន វឌ្ឍនា។

«បុប្ផាមករា» បានរៀបរាប់រំលេចនូវភាពស្រស់បំព្រងរបស់ «បុប្ផាមករា» ដែលនាំឱ្យមានការជាប់ចិត្ត និងប្រតិព័ទ្ធពីសំណាក់មនុស្សផងទាំងពួង។ ជាមួយការតែងនិពន្ធដ៏មានអត្ថន័យនៃបទចម្រៀងដ៏មានខ្លឹមសារ អមដោយបទភ្លេង និងសម្លេងរបស់អ្នកចម្រៀងដ៏ក្រអួនផងនោះ ធ្វើឱ្យបទចម្រៀង «បុប្ផាមករា» មានភាពលន្លង់លន្លោចជាទីប្រតិព័ទ្ធនៃសោទិន្ទ្រីយារម្មណ៍។

លោក ជា ច័ន្ធបរិបូរណ៍ បានឱ្យដឹងថា «បុប្ផាមករា» ជាចម្រៀងមួយបទ ដែលនិពន្ធឡើង ដើម្បីឧទ្ទិសដល់ថ្ងៃទី៧ ខែមករា ដែលជាថ្ងៃមួយជួយជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា បានរស់រៀនមានជីវិតឡើងវិញ។ «បុប្ផាមករា» គឺសំដៅដល់ថ្ងៃ «៧ មករា» ដែលប្រជាពលរដ្ឋកម្ពុជា បានចងចាំជាប់ក្នុងក្រអៅបេះ ដ្បិតថា មានថ្ងៃនេះ ទើបប្រជាពលរដ្ឋកម្ពុជា មានឱកាសបន្តជីវិត កសាងជីវភាពឈានមកដល់ដំណាក់កាលដូចពេលបច្ចុប្បន្ននេះ៕