(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើករថយន្ត Highlander ដែលបានបើករថយន្តទៅបុកយុវតីចំនួន២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសូរ និងចោទប្រកាន់តាមផ្លូវច្បាប់។

សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពពីមន្រ្តីសាលាដំបូង ប្រាប់ព័ត៌មានអង្គភាព Fresh News ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News បានដឹងថា កំលាំងជំនាញបានស្រាវជ្រាវរករថយន្តបង្កហេតុនេះឃើញ នៅក្នុងបរិវេណអង្គភាពមួយដែល នៅជិតអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ កាលពី០៣ថ្ងែមុនទើបឈានទៅឃាត់ជនសង្ស័យបាន ហើយយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី។

ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចររាចរណ៏បើករថយន្តបុកយុវតីស្លាប់២នាក់នេះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News បានដឹងថា អ្នកបើករថយន្តម្នាក់ត្រូវបានឃាត់ខ្លួន និងកំពុងចាត់ការតាមច្បាប់។

សូមរំលឹកថា យុវតីចំនួន២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ ករណីនេះកំពុងស្ថិតក្នុងចំណាត់ការតុលាការ៕