(សៀមរាប)៖ ដោយកត្តាអាយុកាល និងកត្តាផ្សេងៗទៀតបានបង្កឱ្យជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត មានភាពសឹករេចរិល និងកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួនផងនោះ អាជ្ញាធរជាតិអប្សរាបានប្រកាសបិទចរាចរណ៍ឡើងចុះវង់ទស្សនាជាន់ទី៣នេះ។

ក្នុងស្ថានភាពនេះ អ្នកជំនាញការចំពោះកិច្ចផ្នែកអភិរក្សនៃគណៈកម្មាធិការអន្តរជាតិកិច្ចគាំពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ) បានផ្តល់អនុសាសន៍ឱ្យបិទការទស្សនានៅជាន់ទី៣នៃប្រាសាទបាយ័ន្ត ដើម្បីផ្តល់លទ្ធភាពដល់ក្រុមអ្នកជំនាញសិក្សាអំពីការខូចខាត និងបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនទីហានីនិភ័យ ព្រមទាំងកំណត់ទីតាំងអាទិភាពក្នុងការពង្រឹងស្ថានភាព និងជួសជុលផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ទាំងអស់នោះ។

ក្នុងន័យនេះ ដើម្បីថែទាំ និងការពារប្រាសាទ ក៏ដូចជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ឡើង-ចុះ វង់ទស្សនាជាន់ទី៣ នៃប្រាសាទបាយ័ន្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះតទៅ ដោយទុកលទ្ធភាពឱ្យក្រុមការងារជំនាញផ្នែកអភិរក្សបំពេញការងាររបស់ខ្លួនរហូតបានរួចរាល់ជាស្ថាពរ។

ចំពោះទីតាំងទស្សនាសំខាន់ៗផ្នែកខាងក្រោមនៃប្រាសាទបាយ័ន ដែលមានចម្លាក់ក្បូរក្បាច់រចនាដ៏ល្អវិចិត្រ នៅបើកជាប្រក្រតីសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕