(ត្បូងឃ្មុំ)៖ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ ហេតុការណ៍គួរឱ្យសោកសង្វេគមួយបានកើតឡើង ដោយសារតែក្មេងៗសិស្សសាលាចំនួន ៥នាក់ បានលង់ទឹកទន្លេមេគង្គស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, នេះបើតាមការឱ្យដឹងរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាខេត្តត្បូងឃ្មុំ ដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបន្តថា គិតមកដល់ពេលនេះរកឃើញ៣នាក់ហើយ ប៉ុន្តែជាអកុសលមានម្នាក់ក្នុងចំណោមពួកគេនោះ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកកុមារចំនួន២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ។

លោកស្នងការនគរបាលបានបញ្ជាក់ថា កុមារទាំង៥នាក់នោះ រួមមាន៖
១៖ បួក ស្រីមួយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត)។
២៖ ពេជ្រ ម៉ូលីកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត)។
៣៖ គង់ ថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង (រកឃើញ ប៉ុន្តែបានស្លាប់ទៅហើយ)។
៤៖ បូណា ជីជីង ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបឹងព្រួល ឃុំបឹងព្រួល (រកមិនទាន់ឃើញ)។
៥៖ លាង តុន្នា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង (រកមិនទាន់ឃើញ)។

ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋក៏កំពុងដុតដៃដុតជើងជួយអន្តរាគមន៍ និងចុះរាវរកកុមារដែលរកមិនទាន់ឃើញនោះខ្លាំងណាស់ដែរ៕