(ក្រចេះ)៖ នាឱកាសបុណ្យចូលឆ្នាំសកល ឆ្លងឆ្នាំ២០១៩ចូលឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងរមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយបំផុត។

រមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ។

រមណីយដ្ឋានកាំពីជារមណីយដ្ឋានដែលមានសោភ័ណភាពស្រស់ស្អាតគួរទាក់ទាញជាងគេ ក្នុងចំណោមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះ ហើយក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើនជាងគេដែរ។

រមណីយដ្ឋានកាំពី មានសង់រោងលើទឹកសម្រាប់ភ្ញៀវអង្គុយលេង និងហូបអាហារផងដែរ ហើយទឹកហូរថ្លាឆ្វេងសម្រាប់ឲ្យភ្ញៀវចុះហែលលេងតាមចិត្ត ហើយមានលក់ម្ហូបអាហារជាច្រើនមុខ អាហារបែបធម្មជាតិពិតៗ ដូចជាត្រីទន្លេចាក់ច្រែងយ៉ាងឆ្ងាញ់ពិសា ហើយថែមមានអនាម័យ និងតម្លៃសមរម្យ៕