(ភ្នំពេញ)៖ ទីបំផុត! នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងជនត្រូវចោទ អតីតមានតួនាទី ជាអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ វរសេនីយ៍ទោ ឌួង ណាគ្រី លើករណីបាញ់ប្រហារប៉ង សម្លាប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
ដោយចៅក្រមសម្រេច ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ បញ្ញត្តិច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។
ករណីនេះដែរ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយលោកបានបញ្ជាឱ្យចាប់បញ្ជូនជនបង្ក ឌួង ណាគ្រី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសការបាញ់ប៉ងសម្លាប់ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕