(ភ្នំពេញ)៖ មហាជនជាង ៣ម៉ឺននាក់ នឹងចូលរួមអបអរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ខណៈពិធីប្រារព្ធធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ពីអាជ្ញាធមានសមត្ថកិច្ចរាប់ពាន់នាក់។ នេះតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ រៀបចំបុណ្យ ៧ មករា ខួបលើកទី៤១ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចំរុះ រួមមាន៖ កម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងអង្គរក្ស ត្រូវបាកដាក់ពង្រាយនៅតាម ទីតាំងជុំវិញប្រារព្ធពិធី សំដៅជួយសំរួលធ្វើយ៉ាងណាឲ្យពិធីមេទ្ទិញប្រារព្ធទៅដោយរលូន ក្នុងនោះមានការចាត់ចែងពីទីតាំងចំណតរថយន្តច្រកសុវត្ថិភាពចេញចូល។ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងពាក់ព័ន្ធពីការបង្ហោះដ្រូន ដែលគ្មានការអនុញ្ញាត និងត្រូវឃាត់ដកហូតរក្សាទុកផងដែរ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំខាងលើបានថ្លែងថា ទិសដៅសំខាន់ គឺការពារថ្នាក់ដឹកនាំ និងមហាជន ដែលចូលរួមក្នុងពិធីបុណ្យ។ លោកក៏បានណែនាំឲ្យអភិបាលខណ្ឌ ដែលពាក់ព័ន្ធធ្វើយ៉ាងណារៀបចំបរិស្ថាន និងសណ្តាប់ធ្នាប់ជុំវិញទីតាំងប្រារព្ធពិធី ក្នុងនោះ ក៏បានណែនាំឲ្យអាជ្ញាធពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ សំដៅការពារសុខសុវត្ថិភាពមហាជនឲ្យបាន ១០០ភាគរយ។
អភិបាលរាជធានីភ្នំពេញ បានបន្តថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែមានការចូលរួមសហការពីអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ទើបអាចទទួលបានជោគជ័យ។ លោកបន្ថែមថា «បើទោះបីជាពិធីបុណ្យនេះ យើងធ្លាប់បានប្រារព្ធធ្វើជាច្រើនដង ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ក៏ដោយ អាជ្ញាធមិនគួរណាមានការធ្វេសប្រហែសក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលចូលរួមក្នុងពិធីបុណ្យខាងលើឡើយ»។
លោកអភិបាលរាជធានី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រារព្ធពិធី ដើម្បីទទួលបានភាពជោគជ័យ ១០០ភាគរយ។
គួរបញ្ជាក់ថា នេះជាខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២០ ដែលប្រារព្ធធ្វើឡើងនៅកោះពេជ្រ មានការចូលរួមពីមហាជនប្រមាណ៣ម៉ឺន២ពាន់នាក់ ខណៈដែលមានការចូលរួមការពារពី អាជ្ញាធជំនាញពាក់ព័ន្ធជាង ២ម៉ឺន ៥ពាន់នាក់ផងដែរ៕