(ភ្នំពេញ)៖ ទារកភ្លោះបីនាក់ចំនួន២គ្រួសារ ត្រូវជាចៅៗរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បរសធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមួយគ្រួសារៗ ទទួលបានទឹកប្រាក់៥លានរៀល អង្ករ២០០គីឡូក្រាម ទឹកដោះគោម្ស៉ៅឌុយម៉ិក២៤កំប៉ុងធំ ស្កសរ៥គីឡូក្រាម សារុង២និងក្រម៉ា២ ដូចៗគ្នា។
លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រី អញ្ជើញនាំយកអំណោយដ៏សប្បរធម៌ទាំងអស់នោះ ទៅចែកជូនផ្ទាល់ដៃដល់គ្រូសារកូនភ្លោះទាំងពីរគ្រួសារ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្នុងនោះគ្រួសារទី១ មានទីលំនៅរស់នៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទារកភ្លោះទាំង៣នាក់ ដែលទទួលបានអំណោយឧបត្ថម្ភពីសម្តេចទាំងទ្វេនៅពេលនេះ ជាកូនលើកទី៣ របស់ឪពុកឈ្មោះ គួយ សូដា អាយុ៣១ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ឡូត ស្រីមីញ អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា រុស្សី។
លោក សេង ទៀង បានបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន៣៥៥គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោក សៀង ទៀង បានថ្លែងថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។ ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញ ពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់ពិតប្រាកដ។
តំណាងមាតាបិតាកូនភ្លោះ មានប្រសាសន៍ថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏សប្បរសធម៌ដល់គ្រួសាររបស់ខ្លួន ដែលជួបប្រទះនូវការលំបាក ក្នុងការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ក្នុងស្ថានភាពដែលគ្រួសាររបស់ខ្លួន មានជីវភាពរស់នៅដ៏លំបាកនេះ។
ដោយឡែកគ្រួសារកូនភ្លោះទី២ ប្រសូត្រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យគាំពារមាតា និងទារក ហៅមន្ទីរពេទ្យជប៉ុន ស្រីទាំងបី ជាកូនលើកទី៣ របស់ឪពុកឈ្មោះ ចាប វីន អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ហ៊ោង សារ៉ាត អាយុ៣៣ឆ្នាំ អ្នកទាំងពីរមានមុខរបរកសិករ រស់នៅភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ដោយសារស្ថានភាពរបស់ទារកមានសភាពខ្សត់ខ្សោយ ទារិកាភ្លោះទាំងបីនាក់នេះ ត្រូវបានក្រុមគ្រួពេទ្យស្អំតាមវេជ្ជសាស្រ្តពេទ្យ សម័យទំនើប។
ជាមួយនិងការថ្លែង កោតសរសើរក្រុមគ្រូពេទ្យ, លោក សេង ទៀង បានក្រើនរំលឹកដល់ មាតាបិតាអាណាព្យាបាលទារិកភ្លោះទាំងបីនាក់នេះ ខិតខំថែរក្សាទារិកាភ្លោះទាំងបីនាក់នេះ ឲ្យមានសុខភាពថាមពលល្អ ពិសេសស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ពោលគឺនៅពេលដែលគ្រួពេទ្យអនុញ្ញាតឲ្យចេញទៅកាន់លំនៅដ្ឋាន យើងត្រូវអនុវត្តតាមសំដៅយ៉ាងណាឲ្យទារកមាន សុខភាពល្អ ថាមពល និងកាយសម្បទានរឹងមាំដូចពលរដ្ឋក្នុងសង្គម។
ដូចគ្នានិងគ្រួសារកូនភ្លោះទី១ដែរ លោកជំនួយការផ្ទាល់ បានឧបត្ថម្ភនូវអំណោយជាសម្ភារះថវិកា ជាអំណោយដ៏សប្បរសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូនដល់មាតាបិតាកូនភ្លោះបី ដែលកំពុងសំរាកថែទាំសុខភាព នៅក្នុងមន្ទីរពេទ្យគាំពារមាតា និងទារក។ ជាមួយគ្នានេះលោកជំនួយការផ្ទាល់ និងលោកស្រី បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូពេទ្យប្រចាំការផងដែរ។ សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២០នេះ មានគ្រួសារប្រសូត្រទារកភ្លោះចំនួន ៣គ្រួសារមកហើយ ដែលទទួលបាន អំណោយឧបត្ថម្ភដ៏សប្បរសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយសំរាលដល់ការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សូមបញ្ជាក់ដែរថា ខេត្តកណ្តាលមានគ្រួសារកូនភ្លោះបីចំនួន៣៣គ្រួសាររួចមកហើយ ដែល ទទួលបានអំណោយឧបត្ថម្ភពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕