(ភ្នំពេញ)៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសទាត់ចោលទាំងស្រុង នូវការចុះផ្សាយបំភ្លើសនៅលើ Facebook ឈ្មោះ Sorn Sovannthet Page អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះមួលបង្កាច់ថា «មានបង្គោលព្រំដែនថ្មីលេខ២៦៩ បានបោះចូលក្នុងទឹកដីខ្មែរ ជាង២គីឡូម៉ែត្រ នៅឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយគ្មានការចូលរួមពីភាគីកម្ពុជា»។
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមចលនាពួកប្រឆាំង និងគូកន បានបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដែនរបស់ រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ខណៈដែលកាលពីពេលថ្មីៗនេះ ពួកក្រុមប្រឆាំងទាំងនោះ ក៏បានធ្វើការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីបង្គោលព្រំដែនលេខ៧៨ ថាបានបោះចូលក្នុងទឹកដីខ្មែរប្រមាណជា៥ គីឡូម៉ែត្រពីខ្សែព្រំដែនផ្លូវការផងដែរ។ នេះបើតាមការកត់សម្គាល់របស់ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
គណៈកម្មាធិការនេះបានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖
* បង្គោលព្រំដែនលេខ២៦៩/៣ នៅក្នុងរូបថតដែលបានបង្ហោះដោយទំព័រ Facebook ឈ្មោះ Sorn Sovannthet Page គឺមិនមែនជាបង្គោលព្រំដែនលេខ ២៦៩ ទេ គឺជាបង្គោលព្រំដែនបំពេញបន្ថែមទោល ដែលបានកំណត់តម្រុយកាលពីឆ្នាំ២០១៧ ក្រោយពីមានការឯកភាពគ្នារវាងប្រទេសទាំងពីរ និងបានសាងសង់រួចរាល់ជាផ្លូវការ តាំងពីឆ្នាំ២០១៨ មកម្លេះនៅលើខ្សែព្រំដែនតាមផែនទីផ្លូវការ Bonne ខ្នាត ១/១០០.០០០ បោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិននៅចន្លោះឆ្នាំ១៩៥០-១៩៦៤ ដោយមិនមានការបោះជាថ្មីចូលក្នុងទឹកដីខ្មែរជាង ២គីឡូម៉ែត្រ ដូចការចោទប្រកាន់នោះទេ។ បង្គោលព្រំដែនផ្លូវការលេខ២៦៩/៣ នេះ មានទីតាំងលើខ្សែព្រំដែន ស្ថិតនៅក្នុងឃុំជ័យជោគស្រុកបុរីជលសារ ខេត្តតាកែវ ប្រទេសកម្ពុជា និងឃុំវិញក្រុងចូវដុក ខេត្តអានយ៉ាងប្រទេសវៀតណាម។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមមេត្តាកុំជឿ និងកុំចែកចាយរាល់ការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។
ម្យ៉ាងវិញទៀត គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាចូលរួមស្រាវជ្រាវទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែលបង្កើតព័ត៌មានក្លែងក្លាយក្នុងគោលបំណងនាំឱ្យមានការភ័ន្តច្រលំដល់សាធារណៈមតិជាតិ និងអន្តរជាតិ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន៖